កម្ពុជានិងចិនបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែវិច្ឆិការ ឆ្នាំ2024 ម៉ោង 8:39 នាទី ព្រឹក

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងការជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកម្តៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។

ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស  ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ 

ជាចុងក្រោយថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២ កម្ពុជា-ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីនៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រាវិស័យ ដែលផ្តោតលើមុំយុទ្ធសាស្រ្ត ៣គឺ ស្អាត បៃតង និងចីរភាព។

ក្នុងឱកាសនេះ ភាគីចិនបានប្រកាសផ្តល់ជូនជាសម្ភារក្រោមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងសម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ រួមមាន៖ អំពូលសូឡា LED បំភ្លឺផ្លូវសាធារណៈចំនួន ១.៥០០ គ្រឿង ផ្ទាំងប្រព័ន្ធថាមពលព្រះអាទិត្យចំនួន ២.0០០គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន២ គ្រឿង។ សូមបញ្ជាក់ តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងសម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់ជូនក្រសួងបរិស្ថាននូវជំនួយសម្ភារៈដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប រួមមាន អំពូលសូឡា LED ចំនួន៤.៣០០ ក្រឿង  ផ្ទាំងសូឡា ចំនួន ២.២០០ គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង និងម៉ូតូអគ្គិសនី ចំនួន២០០គ្រឿងរួចមកហើយ ៕

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម