ខេត្តចន្ទបុរី-ប៉ៃលិន៖ ឧបនាយករដ្ឋមន្រី្ត អនុធិន ឆានវីរៈគុន និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានចុះទៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ប៉ៃលិនរបស់កម្ពុជា-ខេត្តចន្ទបុរី របស់ថៃ ដើម្បីរៀបចំការសាងសង់ស្ពានមិត្តភាព ជំនួសឱ្យស្ពានចាស់បច្ចុប្បន្ន ដើម្បីគាំទ្រពាណិជ្ជកម្ម និងទេសចរណ៍ ។
ថ្ងៃម្សិលមិញ (២១ វិច្ឆិកា ២០២៤) លោកឧបនាយករដ្ឋមន្ត្រី អនុធិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានទៅដល់ចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ក្នុងស្រុកប៉ូងណាំរ៉ន ខេត្តចន្ទបុរី ដោយស្វាគមន៍គ្នាទៅវិញទៅមក ជាមួយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ។
លោក អនុធិន បានមានប្រសាសន៍ថា ស្ពានឆ្លងកាត់ ដនផាក់កាដ បានប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយ ដូច្នេះអាជ្ញាធរថៃកំពុងត្រៀមសាងសង់ស្ពានថ្មីល្អជំនួសវិញ ហើយទទួលបានការឯកភាពពីនាយករដ្ឋមន្ត្រី ផេតថងថាន ឈិនវ៉ាត់ រួចហើយផងដែរ។
សម្រាប់ការសាងសង់ស្ពានមិត្តភាពប៉ៃលិន-ចន្ទបុរី នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ វាជាស្ពានបេតុង ទទឹង 15 ម៉ែត្រ បណ្តោយប្រវែង 40 ម៉ែត្រ ផ្លូវដើរ 3 ម៉ែត្រសងខាង ចំណាយថវិកា 14,430,000 បាត (ប្រមាណ 410,000 ដុល្លារ)។
លោក អនុធិន ពោលថា សំណង់ស្ពានមិត្តភាពប៉ៃលិន-ចន្ទបុរី នឹងធ្វើឲ្យកើតប្រយោជន៍ដល់ប្រជាជនថៃ ទៅវិញទៅមក ជាមធ្យោបាយដឹកទំនិញនាំផលិតផលចូលមកកម្ពុជា ឬទៅថៃ និងអាចនាំអ្នកទេសចរណ៍ចេញ-ចូល តាមខេត្តចន្ទបុរី ត្រាត រៈយ៉ង ផាត់ថៈយ៉ា និងបង្កើនទំនាក់ទំនងមិត្តភាពផងដែរ ។
ដំណើរទស្សនកិច្ចនេះមានការចូលរួមពីក្រុមប្រតិបត្តិការជាន់ខ្ពស់ក្រសួងមហាផ្ទៃទាំងពីរ អភិបាលខេត្តចន្ទបុរី លោក ម៉ុនសិត ផៃសណ្ឋានាវ៉ាត់ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនផងដែរ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ ៕