លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទីសកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ #ClimateAction។ លោកឧបការីបានលើកឡើងថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ@UNDP ប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតាអាកាសធាតុរបស់ប្រទេស។
សូមបញ្ជាក់ថា លោក Marcos Athias Neto បានត្រូវបានអនុញ្ញាតជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា UNDP គឺជាដៃគូដែលមិនអាចខ្វះបានសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍ ជាពិសេសកិច្ចការពារបរិស្ថាន និង ធនធានធម្មជាតិ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ។ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើមដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានាបានចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពាណិជ្ជកម្មឥណទានកាបូន ដោយសារកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់រួចមកហើយ នូវវិធានប្រតិបត្តិនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Athias Neto បានកោតសរសើរនូវលទ្ធផលសម្រេចជោគជ័យ ក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាននិងកំពុងសិក្សាលទ្ធភាពនៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រកម្ពុជាតាមរយៈមូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាម រយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និងUNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ៕