អាកាសយានដ្ឋានខេត្តសៀមរាប៖ ក្រុមហ៊ុនចិនដែលវិនិយោគនៅខេត្តសៀមរាប ប្រទេសកម្ពុជា ចំនួន ៦ ត្រូវបានទទួលការបណ្តុះបណ្តាលផ្នែកច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និង ការយល់ដឹងស៊ីជម្រៅនូវអត្ថន័យ នៃទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ធ្វើឡើងក្រោយមានកិច្ចព្រមព្រៀងរវាងអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅ (អ.ប.ព. -ACU) និងប្រធានគណៈប្រតិភូ លោក Wang Jianghau អនុលេខា នៃគណៈអធិការវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ។
ក្រុមហ៊ុនធុរកិច្ចចិនទាំង ៦ មាន៖ គណៈប្រតិភូខេត្តយូណាន, ក្រុមហ៊ុន Angkor International Airport Investment, ក្រុមហ៊ុន Yunnan Investment Group, ក្រុមហ៊ុន Yunnan Aviation Industry Investment Group សាខាកម្ពុជា, ក្រុមហ៊ុន Yunnan Construction and Investment Holding Group សាខាកម្ពុជា និងក្រុមហ៊ុនចិនមួយចំនួនទៀត ដែលមានសមាជិកចូលរួមប្រមាណ ៦០ រូប។
លោក Lu Wei នាយកក្រុមហ៊ុន Angkor International Investment Aiport មានចំណាប់អារតម្មណ៍ថា ការអញ្ជើញមកបកស្រាយអំពីច្បាប់ ប្រឆាំងអំពើពុករលួយ ចំពេលដែលកម្ពុជានឹងប្រារព្ធទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ អ្នកធុរកិច្ច សហគ្រាសចិននឹងយល់ដឹងស៊ីជម្រៅពីការប្រឆាំងអំពើពុករលួយ ដើម្បីរួមគ្នាកសាងកិច្ចសហប្រតិបត្តិការស្អាត និងមានប្រសិទ្ធភាព ។
កឧត្តម ហេង សុខឃៀង ឧបការី នៃ អ.ប.ព. ជាវាឃ្មិន បានលើកយកមេរៀន អំពីបទល្មើសពុករលួយ និងទោស ដែលមានប្បញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ ដែលក្នុងនេះ ផ្តោតទៅលើ បទល្មើសស៊ីសំណូកនៃនិយោជិត (មាត្រា ២៧៨) បទសូកប៉ាន់ដល់និយោជិត (មាត្រា ២៧៩) បទវីតិក្រម (មាត្រា ៥៩២) និង ទោសទណ្ឌ(មាត្រា ៥៩៣) បទស៊ីសំណូក (មាត្រា ៥៩៤) បទសូកប៉ាន់ (មាត្រា ៦០៥) ។ល។ និងបទល្មើសរំលោភអំណាច (មាត្រា ៣៥) ជាដើម ព្រមទាំងបានបកស្រាយនូវអំណាចស៊ើបអង្កេតរបស់ អ.ប.ព. និងការរាយការណ៍ពីអំពើពុករលួយមកកាន់ អ.ប.ព. ដោយរក្សាការណ៍សម្ងាត់របស់ប្រភព ជូននិយោជក និយោជិត នៃធុរកិច្ចចិន ។
ឯកឧត្តមវាឃ្មិនក៏បាន លើកយកយុទ្ធសាស្ត្រមុខព្រួញ ៣ របស់ អ.ប.ព. គឺអប់រំ បង្ការទប់ស្កាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និង បុព្វសិទ្ធិ នីតិវិធីស៊ើបអង្កេតរបស់ អ.ប.ព. ផងដែរ។ ឯកឧត្តម ហេង សុខឃៀង បានបង្ហាញប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រឡាញ់គាំទ្រ» ក្នុងទិវា៩ធ្នូ ឆ្នាំ ២០២៤ ដែលជាទស្សនាទានរបស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
ឯកឧត្តមក៏បានលើកឡើងពីការផ្តល់ជំនឿទុកចិត្តក្នុងកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយទៅលើវិស័យឯកជន ធានាបាននូវសុចរិតភាព ស្អាតស្អំ ប្រកបដោយសមធម៌ យុត្តិធម៌ ស្របតាមនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
ចុងបញ្ចប់ ឯកឧត្តម ហេង សុខឃៀង បានបង្ហាញជូនអ្នកធុរកិច្ចចិន អំពីអភិក្រម ៥ ដែលអនុវត្តបន្តពីអាណត្តិសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មករាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ៃណែត នាយករដ្ឋមន្ត្រី ៕