ក្នុងឱកាសស្នាក់នៅខេត្តសៀមរាប ២ថ្ងៃកន្លះ (២៧-២៩ វិច្ឆិកា) គណៈប្រតិភូខេត្តយូណាន ដឹកនាំដោយលោក Wang Jianghua អនុលេខា គណៈកម្មាធិការអធិការកិច្ចវិន័យបក្សកុម្មុយនីស្តចិន ខេត្តយូណាន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន និងសហការី បន្ទាប់ពីជំនួបការងារជាមួយថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញទស្សនាប្រាង្គប្រាសាទខ្មែរ ដែលមួយឆ្នាំៗបានទាញយកបេះដូងភ្ញៀវអន្តរជាតិ មកទស្សនារាប់លាននាក់ ។ ដំណើរទស្សនាប្រាសាទនេះ អមដោយឯកឧត្តម ហេង សុខឃៀង ឧបការី អ.ប.ព. និងលោកបណ្ឌិត កេ វរជិរ៉ាវុធ ជំនួយការ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
«លើវិស័យទេសចរណ៍ ខេត្តទាំងពីរមានសក្ដានុពលប្រហាក់ប្រហែលគ្នា ដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិ ។ ជាក់ស្តែង អ្វីដែលបានមកទស្សនាប្រាសាទលើទឹកដីខេត្តសៀមរាប ពិតជាមានការទាក់ទាញខ្លាំងណាស់ ពិតជាមានសក្តានុពលខ្លាំង» ។ ចំណែកខេត្តយូណាន មានទីកន្លែងកម្សាន្ត ដែលមានវ័យចំណាស់ ពឹងផ្អែកតំបន់ធម្មជាតិព្រៃភ្នំ មានទឹកធ្លាក់ប្រកបដោយធម្មជាតិ ហើយជាខេត្តមានបទពិសោធន៍លើវិស័យទេសចរណ៍ផងដែរ»។ នេះជាប្រសាសន៍របស់លោក Wang Jianghua ក្នុងជំនួបទ្វេភាគីជាមួយអភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅព្រឹកថ្ងៃទី ២៨ វិច្ឆិកា ។
លោក Wang Jianghua មានប្រសាសន៍ថា«ចិននិងកម្ពុជា គឺជាមិត្តដែកថែប យូរអង្វែង ហើយប្រជាជនទាំងពីរផឹកទឹកទន្លេមេគង្គជាមួយគ្នា» ។
ជាការឆ្លើយតបវិញ លោកអភិបាលរង លោក ឌី រ៉ាដូ បានជម្រាបជូនភ្ញៀវថា ខេត្តសៀមរាបរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនានៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិសំខាន់ៗ និងវិនិយោគិនដែលមកវិនិយោគនៅខេត្តនេះ ។ លោក ឌី រ៉ាដូ បានស្នើប្រតិភូចិនខេត្តយូណាន ជួយជំរុញភ្ញៀវទេសចរចិនមកកម្សាន្តខេត្តសៀមរាបឲ្យបានច្រើន ព្រោះការផ្លាស់ប្តូរប្រជាជនទាំងពីរ ធ្វើឡើងចំពេលថ្នាក់ដឹកនាំទាំងពីរកំពុងតែពង្រីកទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ៕