(កំពង់ឆ្នាំង)៖ ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើក យុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទូច ភាព និងឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្សប្រមាណជា៨១៣នាក់។
លោក លី ភីលីន អភិបាលរង នៃគណៈអភិបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានគូសបញ្ចាក់ថា ដើម្បីបញ្រ្ចាបនូវយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបានដែលដាក់ចេញដោយក្រសួងបរិស្ថាន និងដោយមានការយកចិត្តតុកដាក់ពីឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកបរិបូរណ៍បានដាក់ផែនធ្វើសកម្មភាពនេះរយៈពេល៣ខែ ដោយក្នុងមួយខែ ៤ សប្តាហ៍ ក្នុង១សប្តាហ៍យក១ថ្ងៃ ដើម្បីឱ្យសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ បានចូលរួម សម្អាត អនាម័យបរិស្ថាននិងរើសសំរាម នៅតាមមូលដ្ឋានរបស់ខ្លួន ពិសេសនៅតាមសងខាងផ្លូវជាតិល៥នេះតែម្តង។
ឯកឧត្តម ទូច ភាព បានលើកឡើងថា គុណតម្លៃនៃយុទ្ធនាការគឺមានលក្ខណជារួម មិនសម្រាប់ស្ថាប័ន អង្គភាព ឬបុគ្គលណាមួយទេ ភាពស្អាតកុំដោយសារយើងបោស គឺត្រូវស្អាតដោយយើងកុំពង្រាយ ការទុកដាក់សម្រាមឲ្យបានល្អ ប្រសើរជាដើររើស បោសសម្អាត។
សូមបញ្ជាក់ថា យុទ្ធនាការដែលបានរៀបចំឡើងនៅថ្ងៃនេះ ក្រោមប្រធានបទ កម្ពុជាស្អាត ខ្មែរធ្វើបាន ផ្តើមចេញពីភាពជោគជ័យនៃ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលកន្លងមកបានទទួលការចូលរួមពីមនុស្សចំនួនជាង៩លាន៦សែននាក់។ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន» បានជំរុញឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់រួមគ្នា សំអាតអនាម័យបរិស្ថាន នៅតាមបរិវេណផ្ទះ សាលារៀន វត្តអារាម និង តាមទីសាធារណៈ ចំនួន១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ឬ ១ថ្ងៃក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ គោលដៅចំបងគឺផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ដោយប្រែក្លាយពីការផ្សព្វផ្សាយ មកជាយុទ្ធនាការ ទៅជាចលនា រួចទៅជាទម្លាប់ ដោយរហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ប្រមាណ ៣,៤៧លាន អង្គ/នាក់។
ផ្អែកតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលអនុលោមទៅតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថាន បានដាក់ចេញការងារអាទិភាព លើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីកម្ពុជាមាន «ភាពស្អាត» «ភាពបៃតង» និង «ចីរភាព» និងឆ្ពោះទៅសម្រេចការអភិវឌ្ឍ ប្រកបដោយអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០៕