សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឲ្យ អង្គភាពប្រឆាំងអំពើពុករលួយ និងតួអង្គពាក់ព័ន្ធ អនុវត្តនូវសកម្មភាពគន្លឹះចំនួន ៥

ព័ត៌មានសង្គមថ្ងៃពុធ ទី04 ខែធ្នូ ឆ្នាំ2024 ម៉ោង 9:40 នាទី ព្រឹក

 

នៅក្នុងទិវាជាតិ-អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ដែលអានដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឱកាសដែលអង្គភាពប្រឆាំងអំពើពុករលួយប្រារព្ធធ្វើទិវានេះនៅរសៀលថ្ងៃទី ៣ ខែធ្នូ (ម្សិលមិញ) នៅស្ថានីយ៍ទូរសទ្សន៍ថោន និងមានការប្រគំតន្ត្រីផងដែរ ។

សារលិខិតដ៏មានតម្លៃ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ របស់សម្តេចធិបតី បានឧទ្ទិសយកទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំនេះ ផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយមានប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រឡាញ់គាំទ្រ» សំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។

សម្តេចបានណែនាំថា ដើម្បីសម្រេចទៅបានប្រកបដោយប្រសិទ្ធភាព យើងត្រូវការ ចាំបាច់នូវរដ្ឋបាលសាធារណៈដែលស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផងដែរ។ ក្នុងនេះ សម្តេចធិបតីស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័ន និងតួអង្គពាក់ព័ន្ធ រួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួន ដូចខាងក្រោម៖

(១) ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាពគ្របដណ្តប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុនចេញធ្វើការ និងក្នុងពេលធ្វើការ។

(២) ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និង គណនេយ្យភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌ ។ល។

(៣) ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។

(៤) ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ អង្គភាពប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទី ជំរុញ និង សម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការចាំបាច់នានា ទាំងក្នុងការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូ ទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

(៥) ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ន មន្ត្រីរាជការទាំងអស់ត្រូវចងចាំនូវអភិក្រមទាំង ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម