ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា។ លោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា រយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរចំពោះភាពជាដៃគូរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយថែមទាំងបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់អង្គការ WCS ដែលបង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះ បានបង្កើតឱកាសផ្សេងៗ និងធ្វើឱ្យជីវភាពរបស់ជនជាតិដើមភាគតិច និង សហគមន៍មូលដ្ឋាន មានជីវភាពកាន់តែប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យអង្គការWCS បន្តពង្រឹងភាពជាដៃគូបន្តរវាងក្រសួងបរិស្ថាន និងអង្គការ WCS ក៏ដូចជាជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តកសាងភាពជោគជ័យក្នុងការធានាថាធនធានធម្មជាតិនិងជីវៈចម្រុះរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។
សូមបញ្ជាក់បន្ថែមថា កន្លងមកនេះ ភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និងអង្គការ WCS កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ការពារសំខាន់ៗចំនួន 8 នៅក្នុងតំបន់ទេសភាពបឹងទន្លេសាប ក្នុងតំបន់វាលទំនាបភាគខាងជើង និងនៅភាគខាងកើតប្រទេសកម្ពុជា (ជាមួយ ផ្ទៃដីសរុប ១.២៥៣.១៥៧ ហិកតា) ក្នុងភូមិសាស្រ្តខេត្តចំនួន៨ របស់ប្រទេសកម្ពុជា។ តំបន់ទាំងអស់នេះ គឺជាផ្នែកដ៏សំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ និងជាតិរបស់យើង ដែលរួមមានប្រភេទសត្វតំណាងឱ្យជាតិដូចជា សត្វត្រយ៉ងយក្ស ជាដើម។ លើសពីនេះមានទន្សោង ដំរីអាស៊ី និងសត្វព្រៃ កម្រនិងរងការគម្រាមកំហែងជិតផុតពូជនៅក្នុងពិភពលោក មួយចំនួនទៀត កំពុងមានវត្តមាន និងរស់នៅយ៉ាងសុខុដុមរមនានៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
ក្នុងភាពជាដៃគូជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការ WCS បាននិងកំពុងអភិរក្សបេតិកភណ្ឌ ធម្មជាតិរបស់កម្ពុជាតាំងពីឆ្នាំ១៩៩៩។ អង្គការ WCS ធ្វើការនៅទូទាំងតំបន់ការពារទេសភាពចំនួន៥តំបន់ ផ្តល់សិទ្ធិអំណាចដល់ សហគមន៍និងគាំទ្រដល់រដ្ឋាភិបាលដើម្បីការពារទីជម្រកធម្មជាតិនិងសត្វព្រៃដែលទទួលរងការគំរាមកំហែងជាសកល។ អង្គការ WCS ធ្វើការជាមួយដៃគូក្នុងស្រុករបស់យើងដូចជា៖ Ibis Rice និង Sam Veasna Conservation Tours ដោយរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្នុងការធ្វើកសិកម្មនិងអេកូទេសចរណ៍ តាមវិធីសាស្ត្រដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះ និងការពារប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់៕