យោងតាមលិខិតបដិសេធរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងសេចក្តីប្រកាសបដិសេធរបស់មន្ទីរបរិស្ថានទូទាំងប្រទេស ចំពោះគណនីក្លែងបន្លំជាថ្នាក់ដឹកនាំក្រសួងបរិស្ថានមួយ ដែលបានបង្ហោះខ្លឹមសារអនាមិក ប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងបរិស្ថាន ។
ខ្លឹមសារអនាមិកដ៏លាមក និយាយមិនពិត បំផ្លើស បង្កការញុះញង់បែកបាក់សាមគ្កី បង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ហើយត្រូវបាន The Cambodia Daily ដែលមួយជីវិតមានសារជាតិខ្មៅងងឹតងងល់ ផ្សាយបំផ្លាញតែខ្មែរគ្នាឯង លាបពណ៌ បំភ្លៃបំផ្លើសអវិជ្ជមានមិនចោលក្បួនគ្មានទីបញ្ចប់ យកមកផ្សាយបន្ថែមគ្មានការពិត គ្មានក្រមសីលធម៌វិជ្ជាជីវៈ ដែលថ្មីៗនេះ បានផ្សាយបរិហារកេរ្តិ៍ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងបរិស្ថាន ក្នុងគោលបំណងបំបាក់ទឹកចិត្តមន្ត្រីរាជការល្អ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មបម្រើសង្គម និងប្រទេសជាតិ ។
ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងបរិស្ថាន សូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះទង្វើផ្សាយគ្មានមូលដ្ឋានការពិត ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស បំបែកបំបាក់ផ្ទៃក្នុង បំបាក់ទឹកចិត្តមន្ត្រីបរិស្ថាន ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកក្នុងតួនាទីរបស់ខ្លួន ដើម្បីបម្រើប្រទេសជាតិ។
សមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ក្រោមកិច្ចដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី ៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានទទួលផ្លែផ្កា ចេញពីគំនិតច្នៃប្រឌិត និងបាតដៃស្រឡាញ់ជាតិ របស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការក្រសួងបរិស្ថានសុទ្ធសាធ ដូច្នេះ អ្វីដែលអាខោនក្លែងបន្លំផ្សាយបំផ្លើសគ្មានការពិត សុទ្ធតែជាសារជាតិអាក្រក់ជួរជាតិ ចង់ជាន់ពន្លេចការរីកចម្រើនរបស់សង្គមជាតិតែប៉ុណ្ណោះ ។
ស្របតាមនិន្នាការសកល ក៏ដូចប្រមុខរាជរដ្ឋភិបាលកម្ពុជា ដែលអំពាវនាវហើយអំពាវនាវទៀត ឲ្យប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងនាមអង្គភាពគេហទំព័រ សារព័ត៌មាន «មតិអ្នក (matenak)» ក៏សូមថ្កោលទោស និងសូមអំពាវនាវ ឲ្យសមត្ថកិច្ចជំនាញ ស្វែងរកមុខអាខោនក្លែងបន្លំ បង្ហោះក្នុងចេតនាបន្ទុចបង្អាក់ការបំពេញតួនាទី និងការរីកចម្រើនរបស់ក្រសួងបរិស្ថាន មកផ្តន្ទាទោសមុខច្បាប់ ៕