នៅក្នុងទិវាជាតិ ក៏ដូចអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ ធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំព្ញក ដល់គ្រប់ក្រសួង ស្ថាប័ន និង វិស័យឯកជន ត្រូវផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដោយភ្ជាប់ជាមួយប្រធានបទ «សេវាសាធារណៈល្អ រាស្ត្រស្រឡាញ់គាំទ្រ» នៃទិវា ៩ ធ្នូ ឆ្នាំ ២០២៤ នេះ ដើម្បីពង្រឹងយន្តការគ្រប់គ្រង និង ផ្តល់សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។
សម្តេចធិបតីបានណែនាំថា «យើងត្រូវការចាំបាច់នូវរដ្ឋបាលសាធារណៈស្អាតស្អំ ដែលបម្រើរាស្ត្រ បម្រើរដ្ឋ ប្រកបដោយមនសិការ និងការទទួលខុសត្រូវ ។ សម្តេចនាយករដ្ឋមន្ត្រី ក្រើនរំព្ញក ដល់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយឱ្យមានវិសាលភាព ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ ការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ ការការពារបុគ្គលរាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។ ការងារប្រឆាំងអំពើពុករលួយ ត្រូវការការរួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំ ត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ននីមួយៗ។ ការងារអប់រំ និងបង្ការទប់ស្កាត់ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល និង ស្របជាមួយផែនការយុទ្ធសាស្ត្រជាតិប្រឆាំងអំពើពុករលួយ ដាក់ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រង ។
ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ សូមកុំភ្លេច អភិក្រមទាំងប្រាំ បណ្តាំសម្តេចតេជោ និងសម្តេចធិបតី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដែលជាត្រីវិស័យបង្ហាញផ្លូវក្នុងការបំពេញតួនាទីភារកិច្ច និងការស់នៅ ប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ ៕