សារព័ត៌មាន The Cambodia daily  ងាប់ដូចពស់  រស់ដូចកង្កែប

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី10 ខែធ្នូ ឆ្នាំ2024 ម៉ោង 8:43 នាទី ព្រឹក

 

Bong Rith:

តាំងពីចេះអាន និងស្តាប់សារព័ត៌មានអនឡាញមក គេមិនដែលជួបប្រទះដូច The Cambodia Daily មួយនេះ ដែលតាំងខ្លួនជាសារព័ត៌មានឯករាជ្យ តែមិនដែលឃើញផ្សាយពីការរីកចម្រើន ឬចំណុចល្អ ឬសមិទ្ធផលធំៗម៉ាគគោករបស់រដ្ឋាភិបាលតាំងពីសម័យសម្តេចតេជោ និងអាណត្តិសម្តេចធិបតី ហ៊ុន ម៉ាណែត អត់សោះតែម្តង! ផ្ទុយទៅវិញ រស់បានដោយសារតែការសរសេរផ្សាយបំផ្លើស ញុះញង់ បរិហារកេរ្តិ៍ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងឥស្សរជនគណបក្សប្រជាជន ១០០% លើ ១០០% ក្នុងចេតនាបម្រើនយោបាយបក្ខពួកប្រឆាំង និងពួកបរទេស ដើម្បីបំបែកបំបាក់ខ្មែរ ។

សារព័ត៌មាន The Cambodia Daily កំពុងរស់នៅទឹកដីសហរដ្ឋអាមេរិក បិតាប្រជាធិបតេយ្យ ទឹកដីដែលមិនគួរមានសារព័ត៌មានបែបនេះ! បើសរសេរការពិតពីការរីកចម្រើនរបស់ស្រុកខ្មែរ វាងាប់ឬ ?!? មិនខុសពី «ស្លាប់ដូចពស់ រស់ដូចកង្កែប» ពស់ជាសត្វគ្រោះថ្នាក់ ធ្វើឲ្យគេខ្លាច មិនចង់នៅក្បែរ ទោះវាងាប់គេសប្បាយចិត្ត ព្រោះគេលែងភិតភ័យដោយសារវាទៀត ។ ស្លាប់ដូចពស់ ចាស់បុរាណលោកប្រៀបធៀប មនុស្សកាចសាហាវ មនុស្សយង់ឃ្នង ពេលទៅកន្លែង ណាធ្វើឲ្យគេភ័យខ្លាចនៅកន្លែងនោះ គេបន់ឲ្យតែស្លាប់បាត់ទៅ ពេលស្លាប់ទៅហើយក្តី ក៏គេអត់នឹកស្តាយស្រណោះអ្វី មានតែត្រេកអរ មនុស្សប្រភេទនេះរស់នៅមិនបានបន្សល់ទុកស្នាដៃល្អ កិត្តិយស គុណធម៌ មនុស្សធម៌ឲ្យអ្នកជំនាន់ក្រោយចងចាំទេ គឺស្លាប់ជាមួយកេរ្តិ៍ឈ្មោះអាក្រក់គួរស្អប់ខ្ពើម ទោះស្លាប់ទៅហើយក្តី ក៏នៅតែមានគេស្អប់ទៀត ។

រីឯកង្កែប ជាសត្វរស់នៅតាមរន្ធក្តាម រន្ធសត្វផ្សេងៗ ឬរស់នៅតាមមាត់បឹង ស្រះទឹក ឬអណ្តូង វាមិនចេះកកាយរូងដើម្បីធ្វើរន្ធសម្រាប់រស់នៅដោយខ្លួនឯងទេ វារស់នៅដោយសារគេ មិនតែប៉ុណ្ណោះវាពូកែតែស្រែកវ៉ែបៗរំខានគេឯងខ្លាំងណាស់ ! បុព្វបុរសខ្មែរផ្តែផ្តាំទុក កុំរស់ដូចកង្កែប កុំរស់នៅឥតន័យ គ្មានការអភិវឌ្ឍខ្លួន គ្មានឯករាជ្យ គ្មានសេរីភាព រស់នៅដោយសារគេ ស្តាប់តាមតែបញ្ជាគេ  និងរស់នៅសម្រាប់តែរំខានគេឯង នាំទុក្ខទោសដល់គេឯង មិនផ្តល់ប្រយោជន៍អ្វីដល់អ្នកជុំវិញខ្លួន ។

ថ្មីៗនេះ មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌ តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង និងបរិហារកេរ្តិ៍ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបំបាក់ទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម និងទទួលខុសត្រូវតាមការងាររបស់ខ្លួន ដែលសមិទ្ធផលបរិស្ថានតាំងពីអាណត្តិមុនៗ រហូតអាណត្តិទី ៧ នៃរដ្ឋសភា ទទួលបានផ្លែផ្កាជូនប្រទេសជាតិ និងអន្តរជាតិគាំទ្រពេញទំហឹង ។

ចានក្នុងរាវគង់នឹងប៉ះទង្គិចគ្នា ក្នុងសង្គមគ្រួសារមានគ្នាត្រឹមតែ ៣-៤ នាក់តែងមានគំនិតខ្វែង ឬមិនចុះសម្រុង ចុះទម្រាំ ក្រសួង ស្ថាប័នទាំងមូល ប្រទេសជាតិទាំងមូល វាតែងតែប៉ះទង្គិចចៀសពុំរួច។ ការរៀបចំរាវចាន និងការរើរុះចានយកមកប្រើប្រាស់ ត្រូវតែប្រុងប្រយ័ត្ន  ហើយប្រសិនបើនរណាម្នាក់ក្នុងគ្រួសាររបស់ខ្លួនបានធ្វើឱ្យចានឆែប ប្រេះ ស្រាំ ឬបែក ក៏មិនគួរប្រកាន់ទោស ដាក់កំហុសធ្ងន់ បង្កជាជម្លោះ ឬហិង្សាដែរ។

យើងសោកស្តាយណាស់ ដែលមានខ្មែរ ដូច The Cambodia Daily មានឈាមជាខ្មែរ តែចាក់បញ្ជូលឈាមបរទេសរហូតប្រែក្លាយទាំងមនុស្ស ទាំងសារព័ត៌មាន ទៅបម្រើបរទេស ងាកមកប្រឆាំងខ្មែរគ្នាឯងទៅវិញ !


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម