នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលដឹកនាំដោយលោក លូ វៃ (Lu Wei) ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សាការងារបានបង្ហាញនូវកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ចិន និងបានបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទាំងអស់មានភាពសមស្របតាមច្បាប់របស់ប្រទេសកម្ពុជា និងជាពិសេសឆ្លើយតបនឹងកិច្ចគាំពារបរិស្ថាន ដែលបានផ្តល់ប្រយោជន៍ដល់អ្នកវិនិយោគផង ដល់បរិស្ថានកម្ពុជាផង និងដល់រាជរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋកម្ពុជាផង។
សូមជម្រាបជូនថា ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ចម្ងាយប្រហែល ៥១ គីឡូម៉ែត្រពីក្រុងសៀមរាប និង ៤០ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ គម្រោងនេះ បានបើកដំណើរការអស់រយៈពេលជាង១ឆ្នាំមកហើយដោយរំពឹងថា នឹងទទួលបានអ្នកធ្វើដំណើរ រួមទាំងភ្ញៀវទេសចរណ៍ប្រមាណជិត ២លាននាក់ នៅឆ្នាំ២០២៥ខាងមុខ ៕