នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមដំណើរការកំណែលើសន្លឹកកិច្ចការប្រឡងវិញ្ញាសាសរសេរ លើកទី២ របស់បេក្ខជន ប្រឡងធ្វើជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ដំណាក់កាលទី ២ ចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងនេះអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមន្ត្រីរបស់ខ្លួនចូលរួមសង្កេតការណ៍ តាំងពីដំណាក់កាលវិញ្ញាសំណេរដំបូង រហូតដល់ប្រកាសលទ្ធផល ។
នេះជាការប្រឡងលើកចុងក្រោយ សម្រាប់បេក្ខជនប្រឡងធ្វើជាសិស្សមន្ត្រីក្រមការ។ ចំពោះបេក្ខជនប្រឡងជាសិស្សមន្ត្រីជាន់ខ្ពស់វិញ ក្រោយជាប់ប្រឡងលើវិញ្ញាសាសរសេរលើកទី ២នេះ ត្រូវឆ្លងកាត់វគ្គសម្ភាសន៍មួយទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដោយឯកឧត្តម កែវ ធីវុធ ឧបការី តំណាង ACU បានដឹកនាំមន្ត្រីចូលរួមសង្កេតការណ៍តាំងពីដំណាក់កាលដំបូង រហូតដល់ប្រកាសលទ្ធផល ។
ការប្រឡងក្របខណ្ឌអ្វីក៏ដោយ សុទ្ធតែមានការអះអាងពីបេក្ខជន និងអាណាព្យាបាលផ្ទាល់ ដោយគាំទ្រ និងពេញចិត្ត ចំពោះការប្រឡងមានភាពសុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌សង្គម «អ្នកជាប់ដោយមោទកៈ អ្នកធ្លាក់ដោយអស់ចិត្ត» ហើយក៏បានក្លាយជាវប្បធម៌មួយសស្អាតប្រពៃ ក្នុងការប្រឡងក្របខណ្ឌរាជការផ្សេងៗ និងក៏ជាសមិទ្ធផលនៃកំណែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ ៕