សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានផ្ដាំឱ្យបណ្ដាប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពើជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព ដើម្បីចៀសវៀងការប៉ះពាល់ដល់កិត្តិយស និងទំនាក់ទំនងរវាងប្រទេសជាមិត្ដ។ ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ» លើកទី១៨ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាប្រឆាំងឲ្យបានដាច់ខាតរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគឺអំពើជួញដូរមនុស្ស ។ សម្ដេចធិបតីបានផ្ដាំទៅប្រទេសមួយចំនួន ដែលចេញរបាយការណ៍ទាក់ទងនឹងបញ្ហាអំពើជួញដូរមនុស្ស គប្បីត្រូវធ្វើឲ្យមានតម្លាភាព កុំដាក់បន្ទុកដល់ប្រទេសដទៃ ក្នុងន័យផ្សេងនោះ។
សម្តេចធិបតីបានបញ្ជាក់ថា កិច្ចការប្រឆាំង និងទប់ស្កាត់ការជួញដូរមនុស្ស គឺកិច្ចការសំខាន់ខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ ហើយសម្តេចទទួលស្គាល់ថា បញ្ហានៃការជួញដូរមនុស្សពិតជាមាននៅកម្ពុជា ប៉ុន្តែមិនដូចរបាយការណ៍មូលបង្កាច់មួយចំនួននោះឡើយ ខណៈរបាយការណ៍ទាំងនោះ គឺមានចេតនាបង្ខូចកិត្តិយសដល់ប្រទេសកម្ពុជាសុទ្ធសាធ។
សម្តេចមហាបវរធិបតីសង្ឃឹមថា ប្រទេសជាមិត្តទាំងឡាយ និងអនុវត្តដូចគ្នា ដើម្បីជាឆន្ទៈនៅក្នុងការគោរព និងការរក្សាកិត្តិយសគ្នាទៅវិញទៅមក និងដើម្បីជាកម្លាំងរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម គឺឧក្រិដ្ឋកម្មឆ្លងដែន ដោយត្រូវបន្តកិច្ចសហការ និងមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការណ៍ពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព។
សម្តេចធិបតី បានបញ្ជាក់បថា «ក្នុងនាមជាប្រទេសជិតខាងល្អ និងជាប្រទេសក្នុងតំបន់ កម្ពុជាជឿជាក់ថា នឹងបន្តកិច្ចសហប្រតិបត្តិការល្អ ដោយមិនធ្វើការសន្និដ្ឋានចោទប្រកាន់ ដោយខ្វះការសិក្សាស្វែងយល់ អំពីសភាពការណ៍ពិត ដែលនាំឱ្យប៉ះពាល់ដល់ចំណងមិត្តភាព និងកិច្ចសហការល្អនោះឡើយ មានតែកិច្ចសហការទេ ទើបអាចដោះស្រាយបញ្ហារួមបាន។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគ្រប់ស្ថាប័នទាំងអស់ ជាពិសេសក្រសួង មហាផ្ទៃ ត្រូវមានការឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះបុគ្គលណាដែលមានចេតនាបង្ខូច កិត្តិយសកម្ពុជា ដើម្បីតែផលប្រយោជន៍ខ្លួនផងដែរ៕