កិច្ចប្រជុំលើកទី៦ នៃក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (EU) និងលោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសមាជិកក្រុមប្រឹក្សាភិបាលប្រតិបត្តិ តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរ៉ែនិងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាយល់ច្បាស់អំពីភាពចាំបាច់ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុប្រកបដោយមហិច្ឆតាខ្ពស់។ ទោះបីកម្ពុជារួមចំណែកតិចតួចក្នុងបុព្វហេតុដែលបណ្តាលឱ្យមានវិបត្តិអាកាសធាតុ តែកម្ពុជាបានឆ្លើយតបនឹងបញ្ហាសកលនេះ ដោយដាក់ចេញនូវសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។
ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយសារមានការគាំទ្រពីដៃគូដ៏រឹងមាំពីសហភាពអឺរ៉ុប ប្រទេសស៊ុយអែដ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាតិ (UNDP) តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា CCCA3 បានដើរតួនាទីដ៏សំខាន់ ជាអ្នកសម្របសម្រួលតាមបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធលើការងារប្រែប្រួលអាកាសធាតុ និងចេញជាសមិទ្ធផលផ្លែផ្កា ជាច្រើន។
សូមជំរាបជូនថាក្នុងកិច្ចប្រជុំបានសម្រេចលទ្ធផលដូចខាងក្រោម៖ (១)បានពិភាក្សាអំពីវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំ របស់កម្មវិធី CCCA3 រួមមាន ការរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ជាពិសេសការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការជាតិ និងថ្នាក់ក្រោមជាតិ; ផែនការបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (Updated NDC); យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន LTS4CN; ផែនការយុទ្ធសាស្ដឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ដំណាក់កាលទី២ ២០២៤-២០៣៣; ការអនុវត្តគម្រោងចំនួន២២ និងការបណ្តុះបណ្តាល សម្របសម្រួល និងលើកកម្ពស់ចំណេះដឹងស្តីការប្រែប្រួលអាកាសធាតុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធជាដើម (២) បានឯកភាពលើផែនការសម្មភាព និងផែនការថវិការរបស់កម្មវិធី (២០១៩-២០២៤) (៣) ក្រុមប្រឹក្សាភិបាលប្រតិបត្តិ និងដៃគូទទួលស្គាល់ថា CCCA មានលក្ខណៈពិសេស និងមានសារៈសំខាន់ក្នុងកម្រិតគោលនយោបាយប្រែប្រួលអាកាសធាតុ ហើយការរៀបចំ CCCA4 ដើម្បីបន្តនិរន្តរភាពការងារក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុជាការចំបាច់ (៤) បានឯកភាពរៀបចំក្រុមការងារ ក្រោមគាំទ្រពី UNDP ក្នុងការរៀបចំផែនការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC 3.0) និងចាត់ទុកជាសកម្មភាពដើម្បីផ្សារភ្ជាប់ជាមួយ CCCA4 នាពេលខាងមុខ និង(៥) អនុម័តលើការការផ្ទេរទ្រព្យសកម្មទៅដល់ក្រសួងបរិស្ថាន៕