សម្តេចធិបតី ហ៊ុន ម៉ាណែត រិះគន់​«ព័ត៌មាន​ក្លែងក្លាយ»​អំពី​ការជួញដូរ​មនុស្ស​ ធ្វើឲ្យ​កម្ពុជា​ខូច​កេរ្តិ៍ឈ្មោះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែធ្នូ ឆ្នាំ2024 ម៉ោង 5:23 នាទី ល្ងាច

ដោយ សូរ្យសែង៖

សម្តេចធិបតី​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ បាន​អំពាវ​នាវឲ្យប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់ព័ន្ធ​រួម​គ្នា​ការពារ​កេរ្តិ៍​ឈ្មោះ​កម្ពុជា។ ជាមួយគ្នានោះ ​សម្តេចធិបតី​ក៏បាន​លើកឡើង​ថា​ មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​«ក្លែងក្លាយ»អំពី​ការ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ សម្តេចធិបតីថ្លែងបែបនេះ ​នៅ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស នា​ថ្ងៃ​ទី​ ១២​ ខែធ្នូ​ ឆ្នាំ ២០២៤។

សម្តេចធិបតីលើក​ឡើង​ថា ​កម្ពុជា​មិន​ដែល​បដិសេធ​ថា​មិន​មាន​អំពើ​ជួញ​ដូរ​មនុស្ស និង​ភាព​អសន្ដិសុខ​ក្នុង​ប្រទេស​ឡើយ ប៉ុន្តែ​ ​កម្ពុជា​មាន​សុច្ឆន្ទៈនៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំងអស់នោះ ។

«ថ្មីៗនេះ ក៏​យើង​មាន​បញ្ហា​ប្រឈម​អា​ព័ត៌មាន​ពិត​ក៏​មាន ​អា​ក្លែង​ក្លាយ​ក៏​មាន ​ដែល​ធ្វើ​ឲ្យ​យើង​ខូច​ឈ្មោះ​ជា​ច្រើន។ កិច្ច​ការ​កន្លង​ទៅ ​កន្លែង​ខ្លះ​វាយ​តម្លៃ​ទៅ​លើ​កម្ពុជា​ទៅ​លើ​ការ​ជួញ​ដូរ​មនុស្ស​ ក៏​មិន​សុក្រឹត​ប៉ុន្មាន មិន​យុតិ្តធម៌​ប៉ុន្មាន​ដែរ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង»។ សម្តេចធិបតីថ្លែង​ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នោះ​ថា ​បើ​ទោះ​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​នៅ​មិន​ទាន់​បង្រ្កាបបាន​ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជាក្តី ក៏​សកម្មភាព​បទ​ល្មើស​ដែល​បាន​រាយ​ការណ៍នោះមាន​ការ​ថយ​ចុះ ហើយ​ត្រូវ​បាន​បង្ក្រាប​ទាន់​ពេល​វេលា ។

ឯកឧត្តមបន្ថែម​ថា ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ការ​បញ្ចេញ​ព័ត៌មាន​មិន​មាន​ការ​គ្រប់​គ្រង​ត្រឹម​ត្រូវ ​ធ្វើ​ឲ្យប៉ះពាល់​ដល់​កិតិ្តយស​ប្រទេស ដែល​លោក​ថា​ជា​ការ​ផ្ដល់​ឱកាសឲ្យ​ជន​ល្មើស​រៀប​ចំ​វិធី​សាស្រ្ត​រត់​គេច​ខ្លួន និង​ស្វែងរក​វិធីសាស្រ្ត​ថ្មីៗ​ ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​បន្ត​ទៀត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម