នាព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្រុមការងារនាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ដឹកនាំដោយលោក ណុប សុខៃ អនុប្រធាននាយកដ្ឋាន បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីវិធានការគ្រប់គ្រងសំណល់ថ្មពិល នៅសាលាបឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកស្រី លៅ ថេន នាយិកាសាលាបឋមសិក្សាស្ទឹងមានជ័យ លោកគ្រូ អ្នកគ្រូចំនួន២១រូប និងសិស្សានុសិស្សពីថ្នាក់ទី១ដល់ទី៦ចំនួន ៨៧៣ រូប សរុបចំនួន៨៩៤រូប។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖ ក- បង្កើនការយល់ដឹងរបស់សិស្សានុសិស្សអំពីសំណល់ថ្មពិល និងហានិភ័យនៃសំណល់ថ្មពិលចំពោះបរិស្ថាន និងសុខភាព និង ខ- ចែករំលែកវិធានការនៃការទុកដាក់សំណល់ថ្មពិលដែលងាយអនុវត្ត ដើម្បីជំរុញប្រសិទ្ធភាព នៃការប្រមូលនិងគ្រប់គ្រងសំណល់ថ្មពិល។
ក្នុងកម្មវិធីនេះបានចែកចេញជា២សកម្មភាព ដោយសកម្មភាពទី១ គឺជាការជួបជុំសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីធ្លាសាលាដើម្បីគោរពទង់ជាតិ និងទទួលសារផ្សព្វផ្សាយពីវិធានការគ្រប់គ្រងសំណល់ថ្មពិល និងសកម្មភាពទី២ គឺជាការលើកកម្ពស់ការយល់ដឹងលម្អិត និងសំណួរ-ចម្លើយសម្រាប់សិស្សានុសិស្សាក្នុងថ្នាក់រៀន។
ក្នុងកម្មវិធីបើក លោកស្រី លៅ ថេន នាយិកាសាលា បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ក្នុងការខិតខំលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងអប់រំដល់សិស្សានុសិស្សពីចំណេះដឹងសំណល់ថ្មពិល និងលើកទឹកចិត្តឱ្យប្អូនៗខិតខំរៀនសូត្រនិងស្តាប់ខ្លឹមសារនៃការទុកដាក់សំណល់ថ្មពិល។
ជាមួយគ្នានេះដែរ លោក ណុប សុខៃ អនុប្រធាននាយកដ្ឋាន បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការដាស់ស្មារតីដល់ក្មួយៗ ជាទំពាំងស្នងឬស្សី និងលើកស្ទួយគុណធម៌ តាមរយៈធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវលើសំណល់ដែលយើងបង្កើត ជាពិសេសសំណល់ថ្មពិលដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ដោយត្រូវរក្សាទុក និងយកមកដាក់នៅក្នុងធុងសំណល់ថ្មពិលឱ្យបានត្រឹមត្រូវតាមកន្លែងដែលមានធុងថ្មពិល និងចូលរួមក្នុងការធ្វើឱ្យកម្ពុជាស្អាត។ លោកក៏បានសង្កត់ធ្ងន់ដែរថា ការរៀបចំកម្មវិធីបង្កើនការយល់ដឹងអំពីសំណល់ថ្មពិលនេះគឺជាលទ្ធផលនៃការសិក្សាពីវិធានការគ្រប់គ្រងសំណល់ថ្មពិលនៅរាជធានីភ្នំពេញ ដោយសារតែប្រជាជន ឬអ្នកបញ្ចេញសំណល់ថ្មពិលភាគច្រើនមិនទាន់បានយល់ពីការទុកដាក់ឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់របស់វាចំពោះបរិស្ថាន។ ដូចនេះហើយការបង្កើនការយល់ដឹងនាពេលនេះនឹងចូលរួមបំផុសគំនិតសិស្សានុសិស្សនៅតាមសាលារៀន ក្នុងផ្លាស់ប្តូរទម្លាប់ទៅរកការបោះចោល ឬទុកដាក់សំណល់តាមវិធានការការណែនាំត្រឹមត្រូវ ជាពិសេសសំណល់ថ្មពិល និងការឈប់ប្រើថង់ប្លាស្ទិក ស្របតាមយុទ្ធនាការរបសស់ក្រសួងបរិស្ថាន “ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ” ដើម្បីបរិស្ថានកម្ពុជាស្អាត បៃតង និងចីរភាព។
លទ្ធផលសំខាន់ៗរួមមាន ៖
១- សកម្មភាពទី១៖ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូចំនួន ៨៩៤ រូប ក្នុងពេលវេលាគោរពទង់ជាតិ ដោយទទួលបានសារសំខាន់ៗអំពីការប្រមូល និងទុកដាក់សំណល់ថ្មពិលឱ្យបានត្រឹមត្រូវតាមរយៈការពន្យល់ និងការចូលរួមសំណួរ-ចម្លើយ ជាមួយរង្វាន់ដើម្បីឱ្យកូនសិស្សចងចាំនិងយល់ និងអាចផ្សព្វផ្សាយបន្តដល់សមាជិកគ្រួសារ និងសហគមន៍របស់ពួកគាត់។
២- សកម្មភាពទី២៖ ក- សិស្សានុសិស្សពីថ្នាក់ទី៤ ដល់ទី ៦ ចំនួន៥០រូប និងលោកគ្រូ អ្នកគ្រូ ចំនួន ៥រូប សរុប ៥៥រូប មានការចូលរួម និងបង្កើនការយល់ដឹងលម្អិតបន្ថែមពីមន្រ្តីជំនាញក្រសួងបរិស្ថានតាមរយៈបទបង្ហាញលើវិធានការគ្រប់គ្រង និងទុកដាក់សំណល់ថ្មពិល និងការចូលរួមឆ្លើយសំណួរងាយពីសិស្ស ខ- លោកគ្រូ អ្នកគ្រូដែលបានចូលរួមកម្មវិធីនេះក៏បានយល់ដឹងបន្ថែមពី ការគ្រប់គ្រងសំណល់គ្រឿងអេឡិចត្រូនិចក្នុងផ្ទះ តាមរយៈសំណួរពាក់ព័ន្ធនឹងវិធីសាស្ត្រ និងគោលនយោបាយក្រសួងបរិស្ថានជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ និង គ- សិស្សានុសិស្សចូលរួមលែងល្បែងកបង្កើនការយល់ដឹងអំពីការគ្រប់គ្រង និងទុកដាក់សំណល់ថ្មពិលត្រឹមត្រូវ និងផលប៉ះពាល់របស់វា ៕