AFP និយាយនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ ថា ក្រសួងការពារជាតិកម្ពុជាផ្សព្វផ្សាយឲ្យដឹងថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅសប្តាហ៍ក្រោយ ដែលជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិកម្ពុជា បាននិយាយថា ដំណើរទស្សនកិច្ចរបស់ USS Savannah ទៅកាន់កំពង់ផែក្រុងព្រះសីហនុ គឺក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
កន្លងមក ក្រុងវ៉ាស៊ីនតោនបានថ្លែងថា មូលដ្ឋានទ័ពជើងទឹករៀម អាចផ្តល់ឱ្យទីក្រុងប៉េកាំងនូវទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងឈូងសមុទ្រថៃ នៅជិតសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដែលចិនទាមទារសិទ្ធិភាគច្រើន ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់កម្ពុជាបានបដិសេធម្តងហើយម្តងទៀតថា មូលដ្ឋាននេះមិនត្រូវបានប្រើដោយមហាអំណាចណានោះទេ។
ក្រសួងការពារជាតិកម្ពុជានិយាយថា ចាប់តាំងពីឆ្នាំ ២០០៧ នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកចំនួន ២៧ គ្រឿងបានចូលមកកំពង់ផែក្រុងព្រះសីហនុ ប៉ុន្តែដំណើរនាវាលើកនេះមានរយៈពេលប្រាំថ្ងៃនៅសប្តាហ៍ក្រោយ ក្រោយខកខានក្នុងរយៈពេលប្រាំបីឆ្នាំ។
សមាជិកនាវិក 103 នាក់នៃ USS Savannah នឹងជួបជាមួយមេបញ្ជាការនៃមូលដ្ឋានទ័ពជើងទឹករៀម និងចូលរួមក្នុងសកម្មភាពផ្សេងៗ និងដើម្បីពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការគ្នា កម្ពុជា-អាមេរិក។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនា ២០២៤ ក្នុងគោលបំណងស្ដារទំនាក់ទំនងជាមួយគ្នា ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Bridget Walker មកពីស្ថានទូតសហរដ្ឋអាមេរិក អបអរសាទរចំពោះការស្តារឡើងវិញនូវទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ ៕