ត្រីប្រាយក្សដ៏កម្រចំនួន ៦ក្បាល ត្រូវបានចាប់បាននៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេល 5 ថ្ងៃ ដែលខ្លះមានទម្ងន់ជាង 120 គីឡូក្រាម ដែលនេះជាការបង្កើនក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជ ដែលជាត្រីទឹកសាបដ៏ធំបំផុតមួយរបស់ពិភពលោក។
កាលពីថ្ងៃ ១០ ធ្នូ ត្រីចំនួន ៣ក្បាល ត្រូវបានចាប់បានក្នុងទន្លេមេគង្គក្នុងថ្ងៃតែមួយ វាមានទម្ងន់ចន្លោះពី ៩៥-១៣១ គីឡូក្រាម ២ ក្បាលទៀតមានប្រវែងជាង ២ ម៉ែត្រ។
ត្រីប្រាយក្សទាំង៣ក្បាល ត្រូវបានគេវាស់ និងដាក់ស្លាក មុននឹងត្រូវព្រលែងឱ្យចូលទឹកទន្លេធម្មជាតិវិញ ។ ក្រុមមន្ត្រីបានប្រមូលសំណាក DNA របស់ត្រីរក្សាទុក ។
គម្រោងអច្ឆរិយៈនៃមេគង្គ (Wonders of the Mekong) គឺជាគម្រោងអភិរក្សដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក។ គេបានបញ្ជាក់ថា ត្រីជាច្រើនត្រូវបានចាប់បានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ វាជាព្រឹត្តិការណ៍មិនគួរឱ្យជឿ និងមិនធ្លាប់មានពីមុនមក ។
លោក Zep Hogen អ្នកជីវវិទូនៅសាកលវិទ្យាល័យ Nevada ទីក្រុង Reno ដែលដឹកនាំគម្រោងនេះបាននិយាយថា «ខ្ញុំមិនដែលឮរឿងនេះពីមុនមកទេ» ។
«ការដាក់ស្លាកត្រីទាំងនេះផ្តល់ឱ្យយើងនូវព័ត៌មានសំខាន់ៗអំពីបរិស្ថានវិទ្យា និងការផ្លាស់ទីជម្រករបស់វា ដើម្បីព្យាយាមជួយត្រីទាំងនេះឱ្យរស់រានមានជីវិតទៅអនាគត»។
នៅប៉ុន្មានថ្ងៃមុន ត្រីយក្សចំនួន ៣ក្បាលទៀត ត្រូវបានគេចាប់បានដែលត្រូវបានដាក់ស្លាកផងដែរ ហើយលែងចូលទន្លេវិញ មួយត្រូវបានដោះលែងនៅទន្លេមេគង្គ និងពីរត្រូវបានដោះលែងនៅទន្លេសាបក្បែររាជធានីភ្នំពេញ។
ត្រីប្រាយក្សខ្លះមានទម្ងន់ដល់ទៅ៣០០គីឡូក្រាម និងមានប្រវែង ៣ម៉ែត្រ ។ ត្រីប្រាយក្សនេះបង្ហាញពីសកម្មភាពពងកូននៅទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងលទ្ធផលនៃការងារអភិរក្សរយៈពេល ២៥ ឆ្នាំដោយក្រុមសហការជាមួយអង្គការនេសាទ និងសហគមន៍មូលដ្ឋាន។
គម្រោងអច្ឆរិយៈនៃទន្លេមេគង្គ និយាយថា ការចាប់ត្រីយក្សបានបង្កើនក្តីសង្ឃឹមសម្រាប់ការរស់រានមានជីវិតនៃប្រភេទសត្វកម្រដែលកាន់តែខ្លាំងឡើង នៅក្នុងជម្រកជាច្រើន ក្នុងប្រទេសកម្ពុជា ៕