បកប្រែពី omchadluek:
ដោយ សូរ្យសែង៖
ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2024 សារព័ត៌មាន World of Buzz របស់ប្រទេសម៉ាឡេស៊ី រាយការណ៍ថា ស្ថានភាពនៃការរីករាលដាលនៃមេរោគ "Norovirus" នៅក្នុងតំបន់នៃប្រទេសចិនចាប់តាំងពីខែតុលាឆ្នាំមុន មានការឆ្លងយ៉ាងងាយស្រួល មេរោគនេះ វាធន់នឹងជាតិអាល់កុល បច្ចុប្បន្នមិនមានវ៉ាក់សាំងប្រើប្រាស់នោះទេ។
ព័ត៌មានពីមជ្ឈមណ្ឌលជាតិសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសចិនឲ្យដឹងថា ជំងឺឆ្លងស្រួចស្រាវដែលបណ្តាលមកពី norovirus បានចូលដល់ដំណាក់កាលកំពូល ដូច្នេះ មជ្ឈមណ្ឌលបានចេញសេចក្តីណែនាំដើម្បីព្រមានសាធារណជនអំពីមេរោគឆ្លង Norovirus មានភាពធន់នឹងថ្នាំសម្លាប់មេរោគដែលគេនិយមប្រើ ហើយអាល់កុលក៏មិនមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគនេះដែរ ។
សម្រាប់ការការពារ វាត្រូវបានណែនាំថា មនុស្សគ្រប់រូបត្រូវលាងដៃឱ្យបានហ្មត់ចត់ជាមួយសាប៊ូយ៉ាងហោចណាស់ 20 វិនាទីមុនពេលញ៉ាំអាហារ បន្ទាប់ពីចលនាពោះវៀន និងមុនពេលប៉ះអាហារដែលត្រូវតែចម្អិនមុនពេលញ៉ាំ និងឱ្យសម្អាតកន្លែងដែលប៉ះញឹកញាប់ជាមួយនឹងថ្នាំសម្លាប់មេរោគដែលមានសារធាតុក្លរីន។
China Daily ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍អំពីការផ្ទុះឡើងនៃមេរោគ norovirus ។ នេះបើតាមការលើកឡើងរបស់លោក Peng Zhibin ក្នុងខែវិច្ឆិកា អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់ចិនថា Norovirus ត្រូវបានគេនិយាយថា ជាមូលហេតុទូទៅបំផុតនៃការរលាកស្រួចស្រាវនៅក្នុងក្រពះ ឬពោះវៀន។ ជំងឺនេះអាចរីករាលដាលពេញមួយឆ្នាំ ប៉ុន្តែអត្រាឆ្លងនឹងកើនឡើងខ្ពស់បំផុតក្នុងអំឡុងខែតុលាដល់ខែមីនា។
លោក Peng បាននិយាយថា អាទិភាពទីមួយគឺ ប្រជាជនត្រូវលាងដៃឱ្យបានហ្មត់ចត់ ដោយលាងដៃនឹងសាប៊ូ និងទឹក មុនពេលចម្អិនអាហារឬបរិភោគ ហើយបន្ទាប់ពីប្រើបន្ទប់ទឹក ។
“អ្នកឆ្លងមេរោគគួរតែជៀសវាងការទាក់ទងជាមួយអ្នកដទៃក្នុងពេលដែលពួកគេមានរោគសញ្ញា ហើយរយៈពេលពីរទៅបីថ្ងៃបន្ទាប់ពីរោគសញ្ញាបាត់ នេះគឺដើម្បីបញ្ចៀសការចម្លងមេរោគទៅអ្នកដទៃ»។
រោគសញ្ញានៃជំងឺនេះ អ្នកជំនាញបានបញ្ជាក់ថា ក្នុងចំណោមកុមារ ការក្អួតគឺជារោគសញ្ញាចម្បង។ ខណៈពេលដែលរាគកើតមានចំពោះមនុស្សពេញវ័យ រោគសញ្ញាទូទៅផ្សេងទៀតរួមមាន ចង្អោរ ឈឺពោះ ក្តៅខ្លួន និងឈឺសាច់ដុំ។ ទោះបីជាមនុស្សភាគច្រើនជាសះស្បើយពីការឆ្លងមេរោគក្នុងរយៈពេលតែពីរបីថ្ងៃក៏ដោយ កុមារតូចៗ និងមនុស្សចាស់មានហានិភ័យខ្ពស់នៃការខ្វះជាតិទឹក អាចត្រូវការការថែទាំពិសេស ។
លោកវេជ្ជបណ្ឌិត Li Wenjun អ្នកឯកទេសជំងឺឆ្លងមកពីមន្ទីរពេទ្យប៉េកាំង ពន្យល់ថា norovirus គឺជាមេរោគដែលរីករាលដាលយ៉ាងឆាប់រហ័ស ជាពិសេសនៅតំបន់ដែលមានអនាម័យមិនល្អ វាអាចបណ្តាលឱ្យមានការរីករាលដាលធំនៅក្នុងសហគមន៍ សាលារៀន និងកន្លែងថែទាំសុខភាព ។ លោកបានបន្ថែមថា ទោះបីជា norovirus មិនមែនជាជំងឺដែលមានអត្រាស្លាប់ខ្ពស់ក៏ដោយ ប៉ុន្តែឥទ្ធិពលលើប្រព័ន្ធសុខាភិបាល និងសុខភាពសាធារណៈគឺធំធេងណាស់។
ទីភ្នាក់ងារសារព័ត៌មាន Chinadaily បានរាយការណ៍ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ចំនួនអ្នកឆ្លងមេរោគ "Norovirus" មានអាការក្អួតធ្ងន់ធ្ងរ និងរាគ និងមាននិន្នាការកើនឡើងយ៉ាងខ្លាំងក្នុងចំណោមកុមារ។
សាលាមួយនៅ Wenzhou ខេត្ត Zhejiang បានផ្អាក ទោះបីជាអ្នកជំងឺទាំងអស់មានរោគសញ្ញាស្រាល និងស្ថិតក្នុងស្ថានភាពមានស្ថេរភាពក៏ដោយ ។
នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុង Xi'an ខេត្ត Shaanxi យ៉ាងហោចណាស់មានកុមារចំនួន 48 នាក់បានឆ្លងមេរោគកាលពីពាក់កណ្តាលខែតុលា ៕