ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេលជាង១ឆ្នាំ បានខិតខំជំរុញភាពស្អាតលើដីដើម្បីកម្ពុជាស្អាត

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែធ្នូ ឆ្នាំ2024 ម៉ោង 6:03 នាទី ល្ងាច

 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងសន្និបាតបូលសរុបការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការភាពស្អាតលើដី ភាពស្អាតក្នុងទឹក ភាពស្អាតលើមេឃ ជាបន្តបន្ទាប់ និងមួយជំហានម្តងៗ ដើម្បីទទួលបានភាពស្អាតក្នុងសង្គមកម្ពុជានិងភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្នុងយុទ្ធនាការដើម្បីភាពស្អាតលើដី ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវ ក្នុងខេត្តចំនួនដប់មួយ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។

កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ឡដុតសំរាម ចំនួន ៦៣គ្រឿង រថយន្ត៨៨គ្រឿង ម៉ូតូកង់បី ១៦១គ្រឿង ធុងចម្រោះទឹក និងធុងសំរាមរាប់ពាន់ធុង ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម មានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយ ធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន។ ក្រសួងបានបន្តគាំទ្រ មធ្យោបាយ សម្ភារៈ ក្នុងនោះមានរថយន្តដឹកសំរាមចំនួន ១៨គ្រឿង ដើម្បីគាំទ្រការចូលរួមសម្អាតផ្លូវជាតិ ឆ្ពោះទៅ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវជាតិនៅឆ្នាំ២០២៥»។ ដៃគូសហការមួយចំនួនទៀតបានគាំទ្រនិងផ្តល់សម្ភារជាបន្តបន្ទាប់ មកដល់ក្រសួងបរិស្ថាន ដើម្បីអនាគតកម្ពុជាមានភាពស្អាតផងដែរ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម