នាយករដ្ឋមន្ត្រី ក្រើនរំឭកអ្នកសារព័ត៌មានកុំបំពានក្រមសីលធម៌វិជ្ជាជីវៈ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី21 ខែធ្នូ ឆ្នាំ2024 ម៉ោង 7:46 នាទី ព្រឹក

 

«...សមិទ្ធផលដ៏ធំធេង និងជោគជ័យយ៉ាងត្រចះត្រចង់ដែលរាជរដ្ឋាភិបាលទទួលបាន គឺមានការចូលរួមយ៉ាងសកម្ម និងមិនអាចកាត់ផ្តាច់បានពីស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន» ។ នេះជាប្រសាសន៍ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាស«វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ២១» នាថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២៤ ។

សម្តេចធិបតី មានប្រសាសន៍ថា ស្ថាប័នសារព័ត៌មាន និពន្ធនាយក និងអ្នកសារព័ត៌មាន ត្រូវផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងរៀបចំយន្តការសម្រាប់អនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន សន្តិសុខព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា ។

សម្តេចធិបតី បានលើកឡើងទៀតថា ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ អ្នកសារព័ត៌មានបានបង្ហាញឆន្ទៈក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការកសាងប្រទេសឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ដោយសម្លឹងឆ្ពោះទៅបង្គោលចរណ៍«ចក្ខុវិស័យកម្ពុជាឆ្នាំ០៥០» ។

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏មានថាមពល ឲ្យអ្នកសារព័ត៌មានបន្តដោះស្រាយបញ្ហាប្រឈមការបំពានក្រមសីលធម៌វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំភ្លៃការពិត មានចរិតបំពុលសង្គម ការជេរប្រមាថ និងការញុះញង់ឲ្យមានការបែកបាក់សាមគ្គី ។ សម្តេចធិបតី បានអំពាវនាវឲ្យថែករក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ គោរពច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន និងលុបបំបាត់ជនោកាសនិយមដែលជ្រកក្រោមស្លាកសារព័ត៌មាន ។

សម្តេចធិបតី ក្រើនរំឭកឲ្យអ្នកសារព័ត៌មាន ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងភាពពិត និងភាពអសកម្មនៅក្នុងសង្គម ដើម្បីឲ្យរាជរដ្ឋាភិបាលដោះស្រាយចំគោលដៅ និងទាន់ពេលវេលា និងផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាលវិញ ។ សម្តេចធិបតីក៏បានឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ប្រើប្រាស់គ្រឿងញៀន ចរាចរណ៍ ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាពសង្គម ។

ចុងបញ្ចប់អនុសាសន៍សម្តេចធិបតី ឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ការផ្សាយព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ ចៀសវាងផ្សាយឲ្យខូចផលប្រយោជន៍ជាតិ និងបាត់បង់ទំនុកចិត្តពីសាធារណជន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម