រដ្ឋធានីញូវដេលី ប្រទេសឥណ្ឌាប្រឈមនឹងការបំពុលខ្យល់ធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី19 ខែធ្នូ ឆ្នាំ2024 ម៉ោង 9:30 នាទី ព្រឹក

 

រដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា កំពុងប្រឈមនឹងបញ្ហាការបំពុល និងគុណភាពខ្យល់ កាន់តែយ៉ាប់ ដែលបង្កបញ្ហាសុខភាពដល់ប្រជាពលរដ្ឋ។

អ្នកស្រុកជាច្រើនក្នុងរដ្ឋធានីនេះ មានអារម្មណ៍ពិបាកដកដង្ហើម ក្រហាយភ្នែក និងបំពង់ក ដោយសារតែផ្សែងអ័ព្ទក្រាស់ ដែលតែងតែគ្របដណ្តប់រដ្ឋធានីក្នុងអំឡុងរដូវរងា។ គិតត្រឹមម្សិលមិញ (ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2024) គុណភាពខ្យល់យ៉ាងហោចណាស់ 35 ដងអាក្រក់លើសកម្រិតសុវត្ថិភាព។

ផ្ទៃមេឃ និងផ្លូវនានាក្នុងទីក្រុងញូវដេលី បានប្រែជាពណ៌ប្រផេះ ចំពេល​ផ្សែង​អ័ព្ទ​សាយភាយ​ពេញ​ទីក្រុង បណ្តាលឲ្យមានការលំបាកក្នុងការ​មើល ។

IQAir ដែលជាក្រុមហ៊ុនវាស់គុណភាពខ្យល់របស់ប្រទេសស្វីស រាយការណ៍ពីគុណភាពខ្យល់ ឬ AQI នៅទីក្រុងញូវដេលី នៅម៉ោង 6:00 ព្រឹកម្សិលមិញ (ថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2024) ម៉ោងក្នុងស្រុក ត្រូវបានវាស់វែងនៅកម្រិត 617 ដែលខ្ពស់ជាងកម្រិតគ្រោះថ្នាក់ 300 និងខ្ពស់ជាងកម្រិតសុវត្ថិភាពដែលអង្គការសុខភាពពិភពលោកកំណត់ វាមិនទាបជាង 35 ដង។

អាកាសធាតុ​អាក្រក់ធ្ងន់ធ្ងរ​បែប​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​និយាយ​ដូចៗគ្នាថា មានបញ្ហាផ្លូវដង្ហើម ពិបាកដកដង្ហើម ក្រហាយភ្នែក រមាស់ភ្នែក និងបំពង់ក ព្រមទាំងក្អក និងស្លេស្ម។

ខាង​មន្ត្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ នៅតែក្នុងផ្ទះឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន។ ទន្ទឹម​នឹង​នេះ គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារ​ផងដែរ ។

ទន្ទឹមនឹងនេះ កាលពីយប់ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2024 កម្រិតគុណភាពខ្យល់នៅតំបន់ខ្លះនៃរដ្ឋធានីបានកើនឡើងលើសពី 800 ដែលបណ្តាលឱ្យរដ្ឋាភិបាលក្នុងតំបន់ដាក់ចេញវិធានការត្រួតពិនិត្យការបំពុលយ៉ាងតឹងរ៉ឹងឡើងវិញ។ សាលារៀនភាគច្រើនត្រូវកែសម្រួលវិធីសាស្រ្តបង្រៀន មិងបានអនុញ្ញាតឱ្យកុមារសិក្សានៅសាលា ឬសិក្សាតាមអ៊ីនធឺណិតពីផ្ទះ ហើយរាល់សកម្មភាពសាងសង់ និងការរុះរើត្រូវបានហាមឃាត់ ។ រថយន្តដឹកទំនិញ និងរថយន្តធុនធ្ងន់ត្រូវបានហាមឃាត់មិនឱ្យចូលទីក្រុង លើក​លែង​តែ​រថយន្ត​ដឹក​ទំនិញ​សំខាន់ៗចាំបាច់​ប៉ុណ្ណោះ ។

ញូវដេលី និងរដ្ឋជិតខាងតែងតែប្រឈមមុខនឹងការបំពុល និងបញ្ហាផ្សែងអ័ព្ទក្នុងរដូវរងាជារៀងរាល់ឆ្នាំ ដោយសារតែសីតុណ្ហភាពធ្លាក់ចុះ និងអាកាសធាតុត្រជាក់ បណ្តាលឱ្យធូលីពីសំណង់ ផ្សែងហុយចេញពីយានយន្ត និងផ្សែងផ្សេងៗពាសពេញនៅក្នុងតំបន់ ក៏ដូចជាផ្សែងពីការដុតដីកសិកម្មខុសច្បាប់ ជាដើម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម