«ពន្លកបៃតងដែលដុះចេញពីថ្នាលបណ្តុះកូនឈើ ក្រោមគំនិតផ្តួចផ្តើមរបស់ក្រុមគ្រួសារបរិស្ថាន និងដៃគូសហការជាតិ អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ គឺជាមរតករស់បន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ» នេះជាគោលគំនិតរួមនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) នៅក្នុងពិធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» របស់ក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) នារសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។
លោក ហ្សាតារា (Ziad AHATARA) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា ក្រុមហ៊ុន Smart Axiata Co.ltd ប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកជាមួយក្រសួងបរិស្ថានធ្វើឱ្យសម្រេចបាននូវសសរស្តម្ភទាំង៣ ដែលមានភាពស្អាត បៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្ថិតក្នុងក្របខ័ណ្ឌនិរន្តរភាពនេះ ក្រុមហ៊ុននឹងរួមចំណែកបន្ថែមទៀតលើការជំរុញសង្គមឌីជីថល សេដ្ឋកិច្ចបៃតង អភិបាលកិច្ចល្អ និងបង្ការហានិភ័យ ដើម្បីជាប្រយោជន៍ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងបរិស្ថានពេញដោយសុខុដុមរមណីយកម្ម។
ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Smart Axiata និងស្វាគមន៍ចំពោះសមាជិកភាពរបស់ក្រុមគ្រួសារបរិស្ថាន ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង សម្រាប់បន្សល់ទុកឱ្យអ្នកជំនាន់ក្រោយរបស់កម្ពុជា នេះជាសក្ខីកម្មថ្មីមួយទៀតនៃកម្លាំងសាមគ្គីរបស់ក្រុមគ្រួសារបរិស្ថាន ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
សូមជម្រាបជូនថា នៅក្នុងពិធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្តីពី «ការចូលរួមបណ្តុះពន្លកបៃតង» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌីនេះ ភាគីតំណាងឱ្យក្រសួងបរិស្ថាន គឺឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និងភាគីតំណាងឱ្យក្រុមស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co.ltd) គឺលោកស្រី ចែម ស្រីអឿន ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុន Smart Axiata៕