ប្រភព matichon
បកប្រែដោយ សាវុឌ្ឍ
កាសែត Daily Mail ដែលដកស្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ថ្មីៗនេះ ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានប្រកាសថា វ៉ាក់សាំង mRNA ប្រឆាំងនឹងជំងឺមហារីកត្រូវបានបង្កើតឡើង ហើយនឹងត្រូវបានចែកចាយដោយឥតគិតថ្លៃដល់អ្នកជំងឺ ។
លោក Andrey Kaprin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យុសកម្ម ក្រសួងសុខាភិបាលរុស្ស៊ីបាននិយាយថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកនឹងចាប់ផ្តើមនៅដើមឆ្នាំ 2025 ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំង mRNA ផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីការពារជំងឺមហារីក និងចែកជូនអ្នកជំងឺដោយមិនគិតថ្លៃ ។
លោក Alexander Gintsberg នាយកមជ្ឈមណ្ឌលស្រាវជ្រាវរោគរាតត្បាត និងអតិសុខុមជីវសាស្ត្រជាតិ Gamalaya បាននិយាយថា «ការធ្វើតេស្តគ្លីនិកបានបង្ហាញថា វ៉ាក់សាំងនេះអាចរារាំងការវិវត្តនៃដុំសាច់ និងការរីករាលដាលដែលអាចកើតឡើងបាន» ទីភ្នាក់ងារសារព័ត៌មាន TASS និយាយ។
កាសែត Daily Mail បានរាយការណ៍ថា ការចាក់វ៉ាក់សាំងនេះ វាស្រដៀងគ្នានឹងវ៉ាក់សាំងការពារមហារីកដែលកំពុងត្រូវបានបង្កើតឡើងក្នុងប្រទេសលោកខាងលិចដែរ ។ ទោះយ៉ាងណា បច្ចុប្បន្ននេះ វាមិនច្បាស់ថា មហារីកប្រភេទណាដែលវ៉ាក់សាំងរុស្ស៊ីត្រូវបានព្យាបាល។ តើវាមានប្រសិទ្ធភាពយ៉ាងណា? ឬតើរុស្ស៊ីមានគម្រោងចែកចាយវ៉ាក់សាំងដោយរបៀបណា? ឈ្មោះថ្នាំបង្ការមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ ។
ប្រទេសរុស្ស៊ី ក៏ដូចប្រទេសជាច្រើនក្នុងពិភពលោក ដែលអត្រាមហារីកកំពុងកើនឡើងខ្ពស់ ។ នៅឆ្នាំ 2022 ប្រទេសរុស្ស៊ីមានមនុស្សកើតមហារីកច្រើនជាង 635,000 ដោយមហារីកពោះវៀនធំ សុដន់ និងសួត គឺជាមហារីកទូទៅបំផុតនៅក្នុងប្រទេស ៕