នៅលើឧទ្យានជាតិ ព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលស្វាគមន៍អ្នកប្រតិបត្តិសាសនា ទេសចរជាតិ និងអន្តរជាតិ ជាច្រើនបន្តបន្ទាប់ ដើម្បីមកសម្រាកលំហែ បានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ដែលមានធម្មជាតិនិងតំបន់ទេសភាពដ៏ស្រស់ស្អាតព័ទ្ធជុំវិញ។ ពេលនេះ ភាពស្អាតក្នុងចិត្តបានកំពុងសាយភាយចេញពីមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលភាពស្អាត មិនត្រឹមតែបានបណ្តុះគំនិតស្អាតពីក្នុងខ្លួន ហើយពេលនេះចេញមកក្រៅ និងក្នុងសង្គមថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជាជាមូលដ្ឋានគ្រឹះ ដែលនឹងនាំទៅដល់ភាពស្អាតខាងក្រៅខ្លួនក្នុងប្រទេសកម្ពុជា និងភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ សម្រាប់រយៈពេលវែង និងចីរភាព។
សូមបញ្ជាក់ថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងជំរុញឱ្យមានការចូលរួម រក្សាបាននូវសុខុមាលភាពប្រជាពលរដ្ឋ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាច្រើនកុះករ ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជាផងដែរ ។ ក្នុងឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន បានរៀបចំកន្លែងវិបស្សនាតាមរចនាបទខ្មែរទំនើប ចំនួន៥០កន្លែង នៅក្នុងបរិវេណ មជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលគាំទ្រដល់ការលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន និងការជួយដល់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ភាពស្អាតគឺជាសសរស្តម្ភមួយ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ក្រសួងបរិស្ថាន បានអនុវត្តភាពស្អាត ដោយដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបាននិងកំពុងទទួលការគាំទ្រ យ៉ាងផុលផុសពីសំណាក់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ កម្មករ កម្មការិនីតាមរោងចក្រ សហគ្រាស និងប្រជាពលរដ្ឋ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងផ្នែកឯកជនសរុបចំនួន ៩,៧លានអង្គ/នាក់។ ផ្តើមចេញពីភាពជោគជ័យនៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ មួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ និងធ្វើការប្រមូល និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះ យុទ្ធនាការមានអ្នកចូលរួមប្រមាណ ៣,៦លាន អង្គ/នាក់។ ជាមួយនេះដែរ ក្រសួងបរិស្ថានបានកំពុងនឹងរៀបចំ ផែនការសកម្មភាព «ការសម្អាតដងផ្លូវជាតិ» ក្នុងគោលបំណងធ្វើឱ្យដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ នៅឆ្នាំ២០២៥៕