នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព. ឬ ACU) ចំនួន ៥០រូប ដឹកនាំដោយ ឯកឧត្ដម ឧបការី កែវ ធីវុធ បានចូលរួមការងារសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅមន្ទីពេទ្យបង្អែកកម្រិតទី១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង ។
ជាភារកិច្ចដែលធ្លាប់បំពេញ មន្ត្រីសង្កេតការណ៍របស់ អ.ប.ព. ឬ ACU រួមទាំងគណៈកម្មការ កងកម្លាំង មានការឆែកឆេរបេក្ខជន បេក្ខនារី រកសំណៅឯកសារ (ព្រុយយ៉ុង) តាំងពីក្លោងទ្វារចូល រហូតដល់មាត់ទ្វារបន្ទប់ឆែកម្តងទៀត នេះជាការឆ្លើយតបដ៏ប្រពៃទៅនឹងកំណែទម្រង់របស់រាជរដ្ឋាភិបាល ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ក្រោមកិច្ចចង្អុលទិសរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, តំណាង ACU និងគណៈកម្មការប្រឡង បានអញ្ជើញកាត់ស្រោមវិញ្ញាសា នៅចំពោះមុខបេក្ខជន ដែលជាតឹកតាងបញ្ជាក់ថា គ្មានពាក្យថាបែកធ្លាយវិញ្ញាសា ។ នៅមុខបន្ទប់ប្រឡងនីមួយៗ មន្ត្រី ACU ឈររហូតនៅខាងក្រៅបន្ទប់រហូតដល់ចប់ម៉ោង ក្នុងនាមជាអ្នកសង្កេតការណ៍ ។ នៅពេលបញ្ចប់ម៉ោងប្រឡង អនុរក្សបានប្រមូលសន្លឹកកិច្ចការ យកទៅស្នាក់ការកណ្តាល ដើម្បីវេចខ្ចប់ ក្នុងដំណើរការនេះ មន្ត្រីសង្កេតការណ៍ ACU រួមទាំងគណៈកម្មការប្រឡង បាននៅផ្ទៀងផ្ទាត់ជាមួយគ្នា ដែលមិនអាចមានការខ្វះចន្លោះចំពោះភារកិច្ចប្រឡងនីមួយៗ ដែលជាការពេញចិត្តពេញថ្លើមពីសំណាក់បេក្ខជន និងអាណាព្យាបាលទាំងឡាយ។
ក្រុមការងារ អ.ប.ព. នឹងបន្តចូលរួមសង្កេតការណ៍ការណ៍នៅថ្ងៃស្អែកទី២៤ ខែធ្នូ ឆ្នាំ២០២៤ ជាបន្តទៀត ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ៕