បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី30 ខែធ្នូ ឆ្នាំ2024 ម៉ោង 2:22 នាទី ល្ងាច

 

«បើមានសំរាម ត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។

​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៤ និង​ទិស​ដៅ​​ឆ្នាំ​២០២៥ ឯកឧត្តម អ៊ុំ រាត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​​ក្រុង ស្រុក-ខណ្ឌ ឃុំ​-សង្កាត់ ត្រូវ​ពិនិត្យ​មើ​ល​បញ្ហា​សំរាម​ដែល​ធ្វើ​អោយ​ប៉ះពាល់​បរិស្ថាន ​និង​សុខភាព​ប្រជាពលរដ្ឋ​ និង​បង្ក​អោយ​មាន​បញ្ហា​ស្ទះប្រព័ន្ធ​លូ​រំដោះ​ទឹក​ប្រឈម​ការ​​លិចលង់ ។ ឯកឧត្តមលើកឡើងថា «បើ​ឃើញ​មាន​សំរាម ​ត្រូវ​ជួល​កម្មករ​សម្អាត​ចេញ​ ហើយ​ត្រូវ​ទា​រលុយ​ពីម្ចាស់​ផ្ទះដែល​មិន​ទុកដាក់​សំរាម​អោយ​បាន​ល្អ​» ។

ឯកឧត្តមអភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ​រយៈពេល​កន្លង​មក​ ដូច​ជា​នៅ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​កន្លែង​ទីប្រជុំជន​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង​ មាន​សោភ័ណ​ភាពដូច​ជា​នៅមាន​កម្រិត​នៅឡើយ ​ព្រោះ​នៅ​រដូវវស្សា​ឃើញ​ថា​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ផ្លូវ​មួយ​ចំនួន​នៅ​ពេល​មាន​ភ្លៀង​ខ្លាំង​ទឹក​លិច​ផ្លូវ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​ជួប​ការ​លំបាក​ ។

ឯកឧត្តម អ៊ុំ រាត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សំរាម ដើម្បី​ការពារ​បរិស្ថាន​ និង​សុខុមាលភាព​ប្រជាពលរដ្ឋ នៅ​ពេល​ឃើញ​សំរាម​នៅ​កន្លែង​ណា​ត្រូវ​ជួល​កម្មករ ឬក្រុម​អនាម័យ​សម្អាត​ចេញ​ ហើយ​ត្រូវ​យក​លុយ​ពី​ម្ចាស់​ផ្ទះ​ដែល​មិន​បាន​ចូលរួម​សម្អាតត​បរិស្ថាន ​ហើយ​ត្រូវ​ណែនាំ​ធ្វើ​កិច្ចសន្យា បើនៅ​មិន​ស្តាប់​ត្រូវ​មាន​ចំណាត់ការ ​។

វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយ ដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដ រួមទាំងប្តេជ្ញាធ្វើឲ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុង មានន័យថា ស្អាតខាងក្រៅ ប្រៀបបាននឹងសម្រស់ឆោមលោម ដែលធ្វើឲ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជា, ចំណែកស្អាតខាងក្នុង គឺអត្តចរិតផ្នត់គំនិត ធ្វើឲ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្ត រស់នៅក្នុងភាពស្អាតជានិច្ច ។

ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់លើកឡើងថា កម្ពុជាស្អាត ជាកម្មវិធីសម្អាតភពដែនដី ដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងណាល្អក៏ដោយ តែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហា ដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេ គឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេ ទើបសម្រេចបានគោលដៅដ៏ល្អបាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម