បណ្តឹងចំនួន ៥២០ ដែល ACU ទទួលក្នុងឆ្នាំ 2024

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមករា ឆ្នាំ2025 ម៉ោង 12:22 នាទី ល្ងាច

 

នៅក្នុងឆ្នាំ ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាតអ់គ្លេស (ACU) បានទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ​និងសាធារណជនមានចំនួន ៥២០ ករណី ។ នេះជាសេចក្តីរាយការណ៍ដោយ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើក ទី៤២ អាណត្តិទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុ ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងចំនួនពាក្យប្តឹងសរុប ៥២០ នេះ មានពាក្យប្តឹងអនាមិក ១៤១ (​មិន​បង្ហាញឈ្មោះ ​អ្នក​សរសេរមិនដាក់ឈ្មោះ) ពាក្យប្តឹងមិនពាក់ព័ន្ធអំពើពុករលួយ ១៣២, ពាក្យប្តឹង ក្រោយវិភាគ ស្រាវជ្រាវ និងសុំការបំភ្លឺមាន ១៨៥ ដែលមិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងកំពុងបន្តនីតិវិធីស្រាវជ្រាវមាន ១៦១ ករណី, ពាក្យប្តឹងកសាងសំណុំរឿងទៅតុលាការមាន ១៤ សំណុំរឿង, សុំអន្តរាគមន៍ឲ្យជួយដោះស្រាយ ៧ ពាក្យប្តឹង និងរក្សាទុកតាមដាន ២០ ពាក្យប្តឹង ហើយសម្រាប់ខែធ្នូ ចុងឆ្នាំ២០២៤ នេះ មានពាក្យប្តឹង ៤៥ ត្រូវបានយកមកវិភាគ និងដោះស្រាយសម្រេចផងដែរ ។

តាមប្រសាសន៍ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ឲ្យដឹងថា រាល់ពាក្យប្តឹងដែលដាក់មក ACU មិនដែលទុកយូរទេ គឺមួយថ្ងៃយ៉ាងយូរនឹងត្រូវយកមកវិភាគ និងដោះស្រាយជូនភ្លាមៗ ហើយទោះមិនពាក់ព័ន្ធនឹងអំពើពុករលួយ ក៏ក្រុមការងារយកមកវិភាគ ឬណែនាំតាមនីតិវិធីច្បាប់ជូនម្ចាស់បណ្តឹងផងដែរ ។ មួយវិញទៀត ប្រសិនបើមានតម្រុយពាក់ព័ន្ធនឹងអំពើពុករលួយ ជាបឋម ACU នឹងធ្វើការស៊ើបស្រាវជ្រាវ ប្រមូលព័ត៌មាន ហើយក្នុងនេះបើមានពើបប្រទះបទល្មើសក្រៅពីអំពើពុករលួយ ACU នឹងធ្វើការស្រាវជ្រាវទាំងអស់ ។

រាល់ពាក្យប្តឹងដែលទទួលបានទាំងអស់ខាងលើ មានមកដាក់ផ្ទាល់នៅ ACU ដាក់តាមប្រអប់.សនៅតាមផ្លូវ ទូរស័ព្ទមិនគិតថ្លៃមកអង្គភាព តាមអ៊ីម៉ែល និងតាមប្រៃសណីយ៍ ជាដើម។ ការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណជន គឺមានច្រើនវិធី «ពាក្យបណ្តឹងខ្លះគ្រាន់តែជាព័ត៌មានទេ ប៉ុន្តែ ACU យកមកពិនិត្យទាំងអស់ អ្វីដែលអាចយកមកចាត់ការបានគឺនឹងយកមកអនុវត្ត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម