ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ដែលមានប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក ជាពិសេសនាយកដ្ឋានសំណល់រឹង និងមន្ទីររាជធានី-ខេត្តទាំង២៥ រៀបចំផែនការសកម្មភាព និងចាប់ផ្តើមអនុវត្តអោយបានជោគជ័យ ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថា យើងបើកយុទ្ធនាការនេះ ដោយសារកន្លងមកយើងបានបើកយុទ្ធនាការពីរ គឺ «ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រះសង្ឃ ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងយុទ្ធនាការទីពីរ គឺ «កម្ពុជាស្អាត_ខ្មែរធ្វើបាន» គឺជាយុទ្ធនាការធ្វើសកម្មភាព បន្ទាប់ពីការប្តេជ្ញាចិត្តដោយមោះមុត ប៉ុន្តែសកម្មភាពនេះគឺ ធ្វើតែជុំវិញបរិវេណសាលារៀន បរិវេណផ្ទះ និង ទីសាធារណៈ មួយចំនួនតែប៉ុណ្ណោះ ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា «ដោយឡែកផ្លូវជាតិរបស់យើង មិនទាន់បានដាក់ចេញយុទ្ធនាការសម្អាតនៅឡើយទេ ដូច្នេះពេលនេះគឺជាជំហានបន្ទាប់ពីយុទ្ធនាការទីមួយ ទីពីរមក គឺយុទ្ធនាការទី៣ ហើយគោលដៅរបស់ក្រសួងបរិស្ថាន ធ្វើយ៉ាងណាឲ្យផ្លូវជាតិរបស់កម្ពុជាយើងស្អាត ដោយមិនមានសំរាមហើររប៉ាត់រប៉ាយ ដើម្បីជាការទាក់ទាញអ្នកវិនិយោគ ទេសចរណ៍ ហើយក៏ដើម្បីផាសុកភាពដល់ប្រជាពលរដ្ឋកម្ពុជាយើងផងដែរ ។ យុទ្ធនាការនេះ ខ្ញុំបានធ្វើការសាកល្បងហើយទៅលើផ្លូវជាតិលេខ ៣, ៤, ៤១, និងផ្លូវជាតិលេខ៥១ ដោយទទួលបានជោគជ័យ គឺមានអាជ្ញាធរដែនដី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាច្រើន ចេញមកជួយសម្អាតផ្លូវជាតិរបស់យើង រួមទាំងប្អូនៗសកម្មជនបរិស្ថានចូលរួមយ៉ាងសកម្មក្នុងការសម្អាតផ្លូវជាតិរបស់យើង ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ដោយក្តីសង្ឃឺមថា ឆ្លងកាត់ការសាកល្បងនេះ ខ្ញុំបានសម្រេចចិត្តដាក់យុទ្ធនាការនេះចេញតែម្តង ដើម្បីជំរុញធ្វើយ៉ាងណាឲ្យផ្លូវជាតិយើងទូទាំងប្រទេសមានភាពស្អាត ។ ភាសាខ្មែរយើងមានពាក្យថា «មានផ្លូវ មានសង្ឃឹម» «មានផ្លូវល្អ មានសង្ឃឹមល្អ» ។ ដូច្នេះយុទ្ធនាការនេះ ដាក់ចេញ ជាគោលដៅរបស់ខ្ញុំក្នុងឆ្នាំ ២០២៥ នេះ ដាច់ខាតត្រូវតែអនុវត្តឲ្យចប់ ហើយផ្លូវជាតិនៅប្រទេសយើងត្រូវតែស្អាត ៕