គួរយល់ដឹង ! ការបាញ់កាំជ្រួច បង្កគ្រោះថ្នាក់ដល់បរិស្ថានច្រើនជាងការគិត ! តើមានជម្រើសល្អជាងនេះទេ? តោះចូលអាន

ចំណេះដឹងទូទៅថ្ងៃសៅរ៍ ទី04 ខែមករា ឆ្នាំ2025 ម៉ោង 6:13 នាទី ល្ងាច

កាំជ្រួច គឺជានិមិត្តសញ្ញាមួយនៃការប្រារព្ធពិធីដែលត្រូវបានបាញ់បំភ្លឺទៅលើមេឃក្នុងលក្ខណៈដ៏អស្ចារ្យជារៀងរាល់ឆ្នាំ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា ​ក្រៅពី​ផ្កាភ្លើងដ៏ស្រស់ស្អាត​ដែល​យើង​បាន​ឃើញ​មួយ​ភ្លែត​នោះ តើវាមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះដល់បរិស្ថាន?

សារធាតុគីមី និងការបំពុល

កាំជ្រួចត្រូវបានផលិតចេញពីល្បាយនៃសារធាតុអុកស៊ីតកម្ម ឥន្ធនៈ និងសារធាតុបន្ថែមដូចជាវត្ថុដែលបង្កើតពណ៌ ឬផ្សែង ដែលនឹងត្រូវបានបញ្ចេញទៅក្នុងបរិស្ថានកំឡុងពេលប្រើប្រាស់ ។ វាក៏បានបញ្ចេញឧស្ម័នលោហធាតុធ្ងន់ និងភាគល្អិតតូចៗ ដែលបណ្តាលឱ្យធូលី PM 2.5 ចូលទៅក្នុងបរិយាកាស ។ ការសិក្សាបានរកឃើញថា កាំជ្រួចអាចបង្កើនការបំពុលខ្យល់រហូតដល់ 42% និងបង្កើន PM2.5 ដល់ទៅ 10 ដងនៃលោហធាតុធ្ងន់ និងជាតិពុលមួយចំនួន ចាត់​ទុក​ថា​ជា​សារធាតុ​បង្ក​មហារីក​ដែល​មាន​គ្រោះ​ថ្នាក់​ដល់​ប្រព័ន្ធ​ដង្ហើម​មនុស្ស។

 

មីក្រូប្លាស្ទិក

ឥទ្ធិពលកាំជ្រួចក៏អាចរួមបញ្ចូលការវេចខ្ចប់ដូចជាក្រដាសកាតុងធ្វើកេស និងហ្វុយស៊ីបដែលឆេះ និងកាកសំណល់ប្លាស្ទិក ។ ការសិក្សាមួយបានរកឃើញថាមីក្រូប្លាស្ទិកនៅក្នុងទន្លេ Thames របស់ប្រទេសអង់គ្លេសបានកើនឡើង 1,000% ក្នុងរយៈពេល 6 ម៉ោង បន្ទាប់ពីការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកលចាប់ពីចុងឆ្នាំ 2020 ដល់ឆ្នាំ 2021 ។

 

សត្វចិញ្ចឹម សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី

សំឡេងផ្ទុះពីកាំជ្រួចក៏បង្កភាពតានតឹងដល់សត្វព្រៃ និងសត្វចិញ្ចឹមផងដែរ។ ការស្រាវជ្រាវបានរកឃើញថា សត្វជាច្រើន រួមទាំងសត្វឆ្កែ ឆ្មា និងសេះ មានប្រតិកម្មអវិជ្ជមានចំពោះសំឡេងកាំជ្រួច ហើយជារឿយៗឆ្លើយតបដោយការរត់ចេញពីការភ័យខ្លាច ។ ទន្ទឹមនឹងនេះ សត្វស្លាបតែងតែបង្ហាញសញ្ញានៃការហោះហើរខុសប្រក្រតី ហើយអាចមានលំនាំបង្កាត់ពូជមិនធម្មតា។

កាំជ្រួច​ក៏​អាច​បង្ក​ជា​ភ្លើង​ឆេះ​ព្រៃ​បាន​ដែរ។ គ្រោះមហន្តរាយដែលបំផ្លាញប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរបំផុតគឺនៅឆ្នាំ 2022 កាំជ្រួចនៅសហរដ្ឋអាមេរិក បណ្តាលឱ្យមានភ្លើងឆេះព្រៃដល់ទៅ 31,302 ដង ដែលកើតឡើងដ៏ធំបំផុតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលគ្របដណ្តប់លើផ្ទៃដីជាង 1,200 រ៉ៃ បណ្តាលឱ្យមានការខូចខាតដល់ទៅ 10 លានដុល្លារ ។

 

ជម្រើសកាន់តែប្រសើរ

ជាមួយនឹងបច្ចេកវិទ្យាជឿនលឿន បណ្តាលឱ្យប្រទេសជាច្រើនចាប់ផ្តើមកាត់បន្ថយការបាញ់កាំជ្រួច ងាក​មក​កម្មវិធី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដូចជា​ការ​បង្ហាញ​ពន្លឺ​ឡាស៊ែរ ឬការហោះហើរយន្តហោះគ្មានមនុស្សបើកជាដើម ជាដើម ដើម្បីបង្កើតពណ៌ផ្សេងគ្នា នៅលើមេឃក៏អស្ចារ្យណាស់ដែរ ។

ប្រទេសខ្លះកំពុងព្យាយាមប្រើកាំជ្រួចដែលមានជាតិគីមីតិច ចៀសសវាងគ្រឿងផ្សំដែលបង្កគ្រោះថ្នាក់ក្នុងដំណាក់កាលផលិត និងប្រើប្រាស់វត្ថុធាតុដើមដែលអាចរំលាយបាន ។ ទោះយ៉ាងណា កាំជ្រួចទាំងនេះនៅតែបញ្ចេញជាតិពុលដូចជា PM2.5 និងសារធាតុគីមីមួយចំនួនទៅក្នុងបរិស្ថានដែរ ។

ជាការពិតណាស់ កាំជ្រួចនៅតែត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញាសំខាន់នៃការប្រារព្ធពិធី ដែលមនុស្សប្រហែលជាមិនអាចលុបចោលទាំងស្រុងបានទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏ត្រូវបំ​បិទ​កាំជ្រួច​ជា​លក្ខណៈ​ឯកជន ដែលអាចជួយកាត់បន្ថយការបំពុល និងផលប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីផងដែរ ៕

 

springnews (01-01-2025)

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម