ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ ដោយពលរដ្ឋចូលរួមសម្អាតកើនឡើងឥតដាច់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី09 ខែមករា ឆ្នាំ2025 ម៉ោង 6:27 នាទី ល្ងាច

 

ចលនាសម្អាតថង់ប្លាស្ទិកយ៉ាងសកម្មនៅតាមដងផ្លូវរបស់សកម្មជនបរិស្ថាន ព្រះសង្ឃ សិស្សានុសិស្ស អាជ្ញាធរ និងប្រជាពលរដ្ឋជាង ២ម៉ឺននាក់ បានធ្វើឡើងក្នុងបុព្វហេតុការពារសុខភាពពលរដ្ឋជាង ១៧លាននាក់ ឱ្យចាកផុតពីប្រភពបង្កមេរោគ គឺសំរាមប្លាស្ទិក ដែលហើររប៉ាត់រប៉ាយនៅតាមដងផ្លូវ។ លើសពីនេះ វាក៏ជាផ្នែកមួយជួយទៅដល់ភាពស្អាតនៅតាមដងផ្លូវ ដែលជាសោភ័ណភាពសម្រាប់ខេត្ត ក្រុងនីមួយៗ នៅស្របតាមបណ្តោយផ្លូវជាតិចម្បងៗផងដែរ។ ហេតុដូច្នេះហើយ ទើបឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានហ៊ានបង្ហាញនូវសុទិដ្ឋិនិយមដោយភាពជឿជាក់ថា ៥ឆ្នាំខាងមុខ កម្ពុជានឹងស្អាតគ្មានសំរាមប្លាស្ទិកទៀតឡើយ។ ការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននេះ គឺនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថតរូបអនុស្សាវរីយជាមួយក្រុមអ្នកសារព័ត៌មាន«កម្ពុជាថ្មី»

 

រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគូសបញ្ជាក់ទៀតថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាត ទាំងដែនគោក ដែនទឹក និងដែនអាកាស នៅពេលខាងមុខនេះ តាមរយៈចលនាស្អាត ស្អាតចេញពីបេះដូងខ្មែរ ដោយមិនចាំបាច់ទាល់តែមានការផាកពិន័យលើការបោះចោលសំរាម ក៏ប្រជាពលរដ្ឋខ្មែរចេញមករួមគ្នាសម្អាត ដើម្បីកម្ពុជាស្អាតគ្មានសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះបានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោកតែម្តង។

ជាក់ស្តែងទង្វើស្អាតរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសិរីសួស្តី ដែលនាំឱ្យកម្ពុជាឈានទៅមានកេរ្តិ៍ឈ្មោះល្បីខាងផ្នែកស្អាត គឺស្អាតទាំងក្នុងចិត្ត និងស្អាតទាំងខាងក្រៅ ហើយការរស់នៅទៀតសោតក៏មានវិន័យ មិនបោះសំរាមពាសវាលពាសកាលឡើយ ជាមួយគ្នានេះ យើងបានឃើញរួចមកហើយ នូវគំរូភាពជាវិជ្ជមានរបស់សិស្សានុសិស្សកម្ពុជា នៅតាមសាលារៀនូទាំងប្រទេស ដែលពួកគេមិនបោះសំរាមចោលផ្តេសផ្តាស់នោះឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម