លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រុមប្រឆាំង ករណីឃាតកម្ម លើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ

នយោបាយថ្ងៃព្រហស្បត្តិ៍ ទី09 ខែមករា ឆ្នាំ2025 ម៉ោង 7:00 នាទី ល្ងាច

 

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែនបូណា បានច្រានចោលការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល និងប្រព័ន្ធឃោសនាមួយចំនួនពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ក្នុងប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

លោក ប៉ែន បូណា បានមានប្រសាសន៍ថា ពាក់ព័ន្ធករណីនេះ កម្ពុជានិងថៃ គឺជាប្រទេសអធិបតេយ្យភាពពីរផ្សេងគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវតែចំពោះអ្វីដែលបានកើតឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ហើយកម្ពុជាគ្មានសមត្ថកិច្ចអ្វីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងនៅលើដែនដីអធិបតេយ្យភាព នៃប្រទេសដទៃឡើយ។ ជាអ្នកនយោបាយក្តី ឬអង្គការសង្គមស៊ីវិលក្តី ត្រូវយល់ឲ្យបានច្បាស់កន្លែងនេះ និងត្រូវចេះបែង ចែកមុននឹងធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់មកលើគេ។ ករណីឃាតកម្មដែលកើតនៅលើប្រទេសថៃសូមទុកឲ្យសមត្ថកិច្ចថៃស៊ើបអង្កេត និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានរបស់ប្រទេសថៃ។ ហើយចាំគេមានលទ្ធផលយ៉ាងណាចាំលើកយកមកនិយាយ មិនអាចចេះតែមកចោទប្រកាន់គេគ្មានភស្តុតាង និងគ្មានមូលដ្ឋានអ្វីទាំងអស់ដូច្នេះទេ។

ឯកឧត្តមបានបន្តថា វប្បធម៌លាបពណ៌មួលបង្កាច់មកលើរាជរដ្ឋាភិបាលដោយគ្មានភស្តុតាង បានក្លាយទៅជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយរាប់ទាំងក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការបរទេសមួយចំនួនផង។ ពួកគេតែងតែធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់ទម្លាក់កំហុសដោយគ្មានការទទួលខុសត្រូវ គ្មានវិជ្ជាជីវៈ និងគ្មានភស្តុតាងអ្វីទាំងអស់ទៅតាមរបៀបវារៈនយោបាយរបស់បែបទុច្ចរិតដែលលាក់ទុកនៅពីក្រោយខ្នង។ នយោបាយស្មោគគ្រោកបែបនេះរបស់ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយ សម រង្ស៊ី គឺតែងតែប្រើវិធីនឹង គឺអត់មានអីចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម