សិង្ហបុរី-ម៉ាឡេស៊ី បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី ក្នុងបំណងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបច្ចេកវិទ្យាតាមគន្លងរបស់ សិនជើន (Shenzhen) ។ សិនជើន គឺជាទីក្រុងមួយនៅក្នុងខេត្តក្វាងទុង ប្រទេសចិន ជាតំបន់សេដ្ឋកិច្ចពិសេស។
Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) និងលោក ឡរ៉េន វង់ (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរី ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើគម្រោងសេដ្ឋកិច្ចពិសេសនេះ ។
លោក ឡរ៉េន វង់ បាននិយាយថា នេះជាគម្រោងដ៏ធំមួយដែលត្រូវបានបង្កើត ដើម្បីបំពេញបន្ថែមរវាងប្រទេសសិង្ហបុរី និង Johor ដើម្បីបង្កើនការប្រកួតប្រជែង ពង្រឹងភាពខ្លាំង និងទាក់ទាញការវិនិយោគ។
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីបានសន្យាគាំទ្រ និងសម្របសម្រួលគម្រោងចំនួន 100 ក្នុងរយៈពេល 10 ឆ្នាំដំបូង ដោយប្រើប្រាស់អត្រាពន្ធលើប្រាក់ចំណូលសាជីវកម្ម និងបុគ្គលដែលមានអនុគ្រោះដើម្បីជួយទាក់ទាញការវិនិយោគថ្មី។
ម៉ាឡេស៊ីរំពឹងថា តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងបង្កើតការងារបន្ថែមចំនួន 100,000 និងបង្កើតប្រាក់ចំណូលបន្ថែមចំនួន 26 ពាន់លានដុល្លារក្នុងមួយឆ្នាំពីការវិនិយោគថ្មីនៅឆ្នាំ 2030 និងផ្លាស់ប្តូរទីតាំង ឬពង្រីកមូលដ្ឋានផលិតកម្មទៅ Johor ដែលមានដី និងមូលដ្ឋានការងារធំជាងសិង្ហបុរី ។
ជាមួយនឹងផ្ទៃដីជាង 3,500 គីឡូម៉ែត្រការ៉េ មានទំហំធំជាងប្រទេសសិង្ហបុរីដល់ទៅបួនដង និងទំហំជិតពីរដងនៃទីក្រុងសិនជើន ពិសេសនេះ លោក អាន់វ៉ា បាននិយាយថា វាកម្រឃើញកិច្ចសហការបែបនេះរវាងប្រទេសទាំងពីរដើម្បីទាក់ទាញការវិនិយោគ ។
រ៉យទ័របានរាយការណ៍ថាប្រទេសទាំងពីរមានបំណងទាក់ទាញការវិនិយោគដែលមានតម្លៃខ្ពស់នៅក្នុងវិស័យឧស្សាហកម្មជាច្រើន ចាប់ពីការផលិតរហូតដល់ការដឹកជញ្ជូន និងទេសចរណ៍ និងថាមពលកកើតឡើងវិញ ហើយក៏បានស្នើគម្រោងផ្លូវរថភ្លើងល្បឿនលឿនរវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍រវាងប្រទេសទាំងពីរនៅក្នុងតំបន់នេះ។ លោក អាន់វ៉ា និយាយថា វាគួរតែត្រូវបានដឹកនាំដោយវិស័យឯកជន ហើយរដ្ឋមានការចូលរួមក្នុងកម្រិតណាមួយ ៕