បុគ្គលជាប់កាតព្វកិច្ចព្រកាសទ្រព្យក្នុងរបបពីរឆ្នាំ ២០២៥ សរុបមានចំនួន 22,776 រូប ។ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ រហូតមកដល់ថ្ងៃទី ១២ មករា គិតត្រឹមម៉ោង ១២.០០ ទទួលបាន 17,308 រូប ស្មើនឹង 75.99% ហើយ ។ នេះបើតាមនាយកដ្ឋានប្រកាសទ្រព្យ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយនៅថ្ងៃត្រង់នេះ ។
មន្ត្រី ACU រៀងរាល់ឆ្នាំ ក្នុងមួយខែមករាពេញ មានវត្តមានប្រចាំការរៀងរាល់ថ្ងៃ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យផ្សេងៗឡើយ រហូតដល់ថ្ងៃចុងក្រោយទី ៣១ ខែមករា ប្រចាំការរហូតដល់ម៉ោង ១២ អធ្រាត្រ ទើបបញ្ចប់ការទទួល។
នៅក្នុងច្បាប់ប្រឆាំងអំពើពុករលួយ ត្រង់ជំពូកទី ៤ មាត្រា ១៧ ដល់មាត្រា ២០ និងមាត្រា ៣៨ មានចែងអំពីការប្រកាសទ្រព្យសម្បត្តិ និង បំណុល និង ទោសទណ្ឌ។
មាត្រា១៧ - សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល
ក្នុងពេលចូលកាន់មុខតំណែង និងក្នុងពេលចេញពីមុខតំណែង បុគ្គលដូចខាងក្រោមនេះត្រូវប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិច ទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តី រួមទាំងបំណុលផង ហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាម៉ីខ្លួនផ្ទាល់ ៖
១- សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។
២ - មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង។
៣- សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
៤- មន្ត្រីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
៥- មន្ត្រីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និង បំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
៦- ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា។
៧ - ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល ។
មាត្រា ១៨ - របបប្រកាសទ្រព្យសម្បត្តិ និង បំណុល
មន្ត្រីដូចជាមានចែងក្នុងមាត្រា ១៧ ខាងលើ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ ឆ្នាំម្តង នៅដើមខែមករា ហើយមិនឲ្យហួសពីថ្ងៃទី ៣១ ខែមករាឡើយ។ ការប្រកាសទ្យព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ ថ្ងៃយ៉ាងយូរ ក្រោយពេលចូលកាន់មុខតំណែង ។ ចំណែកការប្រកាសទ្រព្យសម្បត្តិ និងបំណុល លើកទីពីរ ពីរ ត្រូវធ្វើនៅខែ មករា ឆ្នាំទី ៣ នៃការកាន់មុខតំណែង ហើយការប្រកាសទ្យព្យសម្បត្តិ និង បំណុល ចុងក្រោយត្រូវធ្វើ ៣០ ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែង ត្រូវប្រកាសយ៉ាង យូរ ៣០ ថ្ងៃ ក្រោយការចាកចេញពីមុខតំណែង។
ចំពោះបុគ្គលដែលមានសមាសភាពដូចមានចែងក្នុងមាត្រា ១៧ ដែលកំពុងបំពេញមុខតំណែង ត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលលើក ដំបូងក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីស្ថាប័នប្រឆាំងអំពើពុករលួយបានបង្កើតឡើងដូចមានចែងក្នុង មាត្រា៥៤ នៃច្បាប់នេះ។
ទម្រង់បែបបទ និង និតិវិធីនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ អង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រា ១៩- ជនផ្សេងទៀតដែលត្រូវប្រកាសទ្រព្យសម្បត្តិ និង បំណុល
ក្រោយពីត្រូវបានស៊ើបអង្កេត និង ទទួលសេចក្តីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ជនដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬ ជាទម្រង់អេឡិច ទោះបីជននោះពុំមានឈ្មោះក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានចែងក្នុងមាត្រា ១៧ និង មាត្រា ១៨ នៃប្បាប់នេះក៏ដោយ ។
ការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ជនដែលជាប់ពាក់ព័ន្ធខាងលើនេះ ត្រូវអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងមាត្រា ១៨ នៃច្បាប់នេះ រហូតពេលដែលអស់មានការចាំចាច់ៗ ។
មាត្រា ២០- ការរក្សារទុកឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុល
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និង បំណុល ត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និង ធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតពីរច្បាប់តាមគំរូដែលដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុក ដោយសាម៉ីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែល បិទជិតត្រូវប្រថាប់ត្រា និង ចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬ តំណាង ព្រមទាំងមានផ្តិតម្រាមដៃសាម៉ីខ្លួនផង។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬ បើកមើលឯកសារអេឡិចត្រូនិកខាងលើដើម្បីបុព្វហេតុនៃការស៊ើបងង្កេតតាមការចាំបាច់។
អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវរក្សាសំណុំឯកសារប្រកាសទ្រព្យសម្បត្តិ និង បំណុលក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីពេលទទួលសំណុំឯកសារ។
និតិវិធីក្នុងការបើកស្រោមសំបុត្រ ឬបើកមើលឯកសារអេឡិចត្រនិកប្រកាសទ្រព្យសម្បត្តិ និង បំណុល កំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និង បំណុល ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។
ចំពោះជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និង បំណុល ឬ បានប្រកាសមិនត្រឹមត្រូវ ត្រូវផ្តន្ទាទោស ។ សូមមើលមាត្រា ៣៨ ៖ បទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល ៕
ដោយ សូរ្យសែង៖