ច្បាស់ការណ៍ហើយ មេ​ប៉ូលិសថៃ​បង្ហាញថា ​ការ​បាញ់​សម្លាប់លោក លឹម គឹមយ៉ា ជាជម្លោះផ្ទាល់ខ្លួន រក​មិន​ឃើញ​មាន​ការ​ពាក់ព័ន្ធ​នឹងនយោបាយទេ!

នយោបាយថ្ងៃពុធ ទី15 ខែមករា ឆ្នាំ2025 ម៉ោង 7:18 នាទី ល្ងាច

 

ដោយ សូរ្យរិទ្ធ៖ 

ពីកាសែត dailynews របស់ថៃថ្ងៃនេះ ក្រុមមេប៉ូលិសថៃបានកោះប្រជុំមួយ លើកឡើងពីករណីបាញ់សម្លាប់អតីតតំណាងរាស្ត្រប្រឆាំងកម្ពុជា លោក លឹម គឹមយ៉ា ថា ជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងកម្រិតប្រទេសទេ ហើយបានបញ្ជាក់ថា ប៉ូលិសធ្វើការមិនព្យាយាមផ្គាប់ចិត្តអ្នកណាម្នាក់ឡើយ ។ កិច្ចប្រជុំនេះ មេប៉ូលិសថៃក៏បានលើកពីករណីជនជាតិចិន នៅ​ក្នុង​តំបន់​ជា​ច្រើនផងដែរ ហើយបញ្ជាឲ្យគ្រប់​អង្គភាព​ធ្វើការ​រឹតបន្តឹង ។

នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ នេះ នៅអគ្គស្នងការនគរបាលថៃ លោកនាយឧត្តមសេនីយ៍ គិទីរ៉ាត់ ផាន់ផេត (Kittirat Phanphet) អគ្គស្នងការនគរបាលជាតិថៃ បានចូលរួមកិច្ចប្រជុំជាមួយ មន្ត្រី​ប៉ូលិស​ក្រោម​សមត្ថកិច្ច​របស់​គាត់ និងចេញបញ្ជា​តាមដាន​វឌ្ឍនភាព​នៃ​សំណុំរឿង​សំខាន់ៗ​ក្នុង​ទីក្រុង​ ទាក់ទងនឹងជនបរទេស ។

នាយឧត្តមសេនីយ៍ គិទីរ៉ាត់ បង្ហើបថា «បច្ចុប្បន្នកំពុងរៀបចំសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងការិយាល័យអន្តោប្រវេសន៍ ដើម្បី​ពិនិត្យ​មើល​ភ្ញៀវ​ទេសចរ​ដែល​​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយសារកន្លង​មក​មាន​ឧក្រិដ្ឋករប្រើប្រាស់ដី​ថៃ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត។ ថ្ងៃនេះ​យើង​បាន​ចេញ​បញ្ជា​ឱ្យ​បញ្ជាក់​ចំណុច​នេះ​ទៅ​កាន់​ការិយាល័យ​ប៉ូលិស​ក្រុង ដើម្បីពន្លឿន និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានដល់ទីបំផុត» ។

លោកអគ្គស្នងការ​នគរបាល​ជាតិថៃ ក៏បាន​លើកទាក់ទិននឹងករណីជនជាតិចិន ឆក់យកទ្រព្យសម្បត្តិពីជនជាតិចិនផ្សេងទៀត នៅតំបន់ ហួយក្វាង ក្នុងទឹកប្រាក់ ៥ លានបាត និង ៨ លានបាតផងដែរ និងតំបន់ ម៉ាក់កាសាន់ រឿងប្រាក់ ៤,៥ លានបាត ៣ ករណីនេះ គឺមានឈ្មោះ «ឈើន» គឺជារឿងឈ្មួញកណ្តាលពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល។ នៅក្នុងជំហានដូចខាងក្រោម ត្រូវសម្របសម្រួលជាមួយនាយកដ្ឋានកិច្ចការបរទេស ទាក់ទិន​នឹង​ការ​ចេញ​សេចក្តី​ជូន​ដំណឹង​ក្រហម​ដើម្បី​តាម​ចាប់​លោក ឈើន មក​កាត់​ទោស ទោះ​បី​មិន​នៅ​ប្រទេស​ថៃក៏ដោយ ។

ទាក់ទិននឹងការវិវឌ្ឍរឿងឃាតកម្មលើលោក លឹម គឹមយ៉ា អតីតសមាជិកសភាបក្សប្រឆាំងខ្មែរ លោកនាយឧត្តមសេនីយ៍ គិទីរ៉ាត់ មានប្រសាសន៍ថា លោកបានទទួលរបាយការណ៍ថា ក្រោយកើតហេតុសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់បានក្នុងរយៈពេលប៉ុន្មានម៉ោង យើង​អាច​ចាប់​ជន​បង្កបាន ​២​នាក់​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​ ​បច្ចុប្បន្ន​កំពុង​សម្របសម្រួល​ជាមួយ​ភាគី​កម្ពុជា​ដើម្បី​តាម​ចាប់​ជនសង្ស័យ​២​នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ប៉ូលិសថៃលើកក្នុងអង្គប្រជុំថា យើងដឹង​ហេតុ​ការណ៍​នេះ​កើត​ឡើង ចេញពីជម្លោះផ្ទាល់ខ្លួនរវាងនិយោជកនិងអ្នកស្លាប់ ទោះ​យ៉ាង​ណា​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​មិន​ត្រូវ​បាន​រក​ឃើញ​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ​ជាតិ​នោះ​ទេ។

“និយាយលើកនេះក្នុងនាមជាអគ្គស្នងការនគរបាលជាតិ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនការពារ ឬនិយាយដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ ប៉ុន្តែ​វិធី​ស៊ើបអង្កេត​បាន​ចេញ​មក​បែប​នេះ» ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម