ការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី16 ខែមករា ឆ្នាំ2025 ម៉ោង 5:54 នាទី ល្ងាច

 

«ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដែលស្រឡាញ់ភាពស្អាត បានបង្ហាញពីការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើសសំរាម សម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅជុំវិញផ្ទះ ជុំវិញកន្លែងការងារ តាមផ្លូវសាធារណៈ និងតាមមូលដ្ឋាន។ សកម្មភាពទាំងអស់នេះ កំពុងជំរុញឱ្យបរិស្ថាននៅជុំវិញយើងគ្រប់គ្នា មានភាពស្អាត លើកកម្ពស់សុខភាពក្នុងការរស់នៅ លើកកម្ពស់កិត្តិយស គុណភាពបរិស្ថាន របស់ប្រទេសកម្ពុជា ក៏ដូចជាជួយភពផែនដីរបស់យើងគ្រប់គ្នា។ » ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ ដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោក Kim Song Jin តំណាងសមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ឃុត សារឿន ប្រធានសមាគមស្ត្រីទ្រទ្រង់សន្តិភាព នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តថា ភាពស្អាត ធ្វើឱ្យបរិស្ថានស្អាត មានជីវិតរស់នៅស្អាត មានសុខភាពល្អ និងកម្ពុជាស្អាត បន្តទៅជំនាន់ក្រោយ។ កន្លងមកនេះ សិស្សានុសិស្សនិងប្រជាជនកម្ពុជា ជាងកន្លះប្រទេសបានចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការសម្រេចចិត្ត ឈប់ប្រើថង់ប្លាស្ទិក និងបានចាប់ផ្តើមសកម្មភាពរើស និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» កន្លងទៅនេះ ដែលមានមនុស្សជាង៤លាននាក់ បានធ្វើសកម្មភាព ដើម្បីធ្វើឱ្យលំនៅឋាន ទីក្រុង ទីប្រជុំជន វត្តអារាម សាលារៀន ទីសាធារណៈ និងតាមដងផ្លូវ មានភាពស្អាត មានអនាម័យ ប្រជាជនមានសុខភាពល្អ និងមានការរស់នៅល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្តដក់ចាំនៅក្នុងចិត្ត ចេញពីបេះដូង ហើយបានកែប្រែផ្នត់គំនិត ផ្តើមពីការផ្សព្វផ្សាយចាប់ផ្តើមពី កុមារសម្រាប់អនាគតស្អាតរបស់ជំនាន់ក្រោយរបស់ពួកគេ បន្ទាប់មកបានដាក់ចេញជាយុទ្ធនាការ ជំរុញឱ្យមានសកម្មភាព ចូលរួមប្តេជ្ញាចិត្តធ្វើ ចលនាយ៉ាងសកម្ម រួមគ្នាគ្រប់ទីកន្លែង យ៉ាងផុសផុល ដើម្បីភាពស្អាត ក្លាយទម្លាប់របស់ប្រជាពលរដ្ឋគ្រប់រូប ហើយបន្តភាពស្អាតនៅកម្ពុជា តទៅកូនចៅជានិរន្តរិ៍។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យើងត្រូវរួមគ្នាធ្វើដូចជាអ្នកម្តាយ ដែលបំពេញតួនាទីមើលថែកូនចៅ ដែលមានន័យថាយើងទាំងអស់គ្នាចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកជាប្រចាំ ឱ្យអស់ពីតាមដងផ្លូវនានា ពីសហគមន៍មូលដ្ឋាន និងទន្លេរបស់យើង ជាពិសេសថែរក្សាភាពស្អាតនៅលើដី ក្នុងទឹក និងលើអាកាស។ «យើងរស់កន្លែងផ្សេងគ្នា យើងមកពីកន្លែងខុសគ្នា តែគោលបំណងយើងមានតែមួយដូចគ្នា គឺការថែរក្សាភពផែនដីឱ្យល្អស្អាត សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នា។ ដូចនេះមានតែការចូលរួមធ្វើអំពើល្អ ដើម្បីការពារអាយុជីវិត ព្រោះបើបរិស្ថានត្រូវបានបំផ្លាញ  ជីវិតលើផែនដីក៏បាត់បង់ដែរ។ បរិស្ថានគឺជាជីវិត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។

សូមបញ្ចាក់ថា នៅក្នុងឱកាសជួបពិភាក្សា លោក Kim Song Jin តំណាងប្រតិភូសមាគមប្រទេសកូរ៉េកោតសរសើរនិងគាំទ្រការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាតរបស់ភពផែនដី ទប់ស្កាត់ការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា និងជួយដល់ភពផែនដីឱ្យមានការរស់នៅប្រកបដោយសុខភាពល្អ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ លោក Kim បានបញ្ជាក់ថា សមាគមនឹងសហការចូលរួម ជាមួយក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម