ពាក្យ «សន្តិភាព» បីម៉ាត់យ៉ាងខ្លី ធ្វើឲ្យប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល អំណរសាទរ សប្បាយរីកថ្លើម! «មរតកសន្តិភាព» របស់សម្តេច ហ៊ុន សែន គួរជាគំរូនៅលើឆាកអន្តរជាតិ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី18 ខែមករា ឆ្នាំ2025 ម៉ោង 10:25 នាទី ព្រឹក

 

អត្ថបទ សូរ្យរិទ្ធ៖

គ្រាន់តែមានកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសភ្លាម ក្តីអំណរសាទររបស់ប្រជាជនប៉ាឡេស្ទីន សប្បាយរីកថ្លើម ទូទាំងឆាកអន្តរជាតិ ។ ពួកគេគ្មានសល់អ្វីទេ ក្រោយភ្លើងសង្គ្រាមឆាបឆេះអូសបន្លាយ ៤៦០ ថ្ងៃមក ។ ប្រជាជនណាក៏ចង់បាន «សន្តិភាព» ខ្លាំងដែរ ពាក្យបីម៉ាត់យ៉ាងខ្លីក៏ពិតមែន តែវាបានផ្តល់ឲ្យមនុស្សជាតិរស់នៅសុខស្រួលយ៉ាងធំទូលំទូលាយមហាសាលគ្មានអ្វីប្រៀបផ្ទឹមបាន ។

សម្រាប់កម្ពុជា មានភ័ព្វសំណាងខ្ពស់ដែលទទួលបាន «សន្តិភាព» តាំងពីឆ្នាំ ១៩៩៨ ដោយសារ ញើសឈាម រហូតលះបង់​ជីវិតរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបាន«មរតកសន្តិភាព» ពាក្យ«បីម៉ាត់នេះ» មានដ៏តម្លៃយ៉ាងធំធេង ដែលនាំឲ្យប្រជាជន និងប្រទេសជាតិកម្ពុជា ប្រែមុខមាត់ពីសេដ្ឋកិច្ចយ៉ាប់យឺន រហូតក្លាយមកជាប្រទេសអភិវឌ្ឍយូរអង្វែង ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងត្រូវការសន្តិភាពនិងស្ថិរភាពនយោបាយដើម្បីការអភិវឌ្ឍរយៈពេលវែង ព្រោះថា ទម្រាំប្រទេសកម្ពុជាទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ គឺយើងបានឆ្លងកាត់ការលំបាកខ្លាំងណាស់» ។ ដូច្នេះហើយបានជាគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនអត់ឱនឱ្យអ្នកទាំងឡាយណាដែលបង្កអសន្តិសុខ ញុះញង់បង្កចលាចលដែលអាចឈានដល់មានសង្រ្គាម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកស្នងថែការពារ «មរតកសន្តិភាព» មានប្រសាសន៍ថា«សន្តិភាព គឺពិតជាមានសារសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញដែរ» ។ ដូច្នេះហើយ ទើបប្រជាជនកម្ពុជាដែលទទួលបាន «មរតកសន្តិភាព» នេះ បានទន្ទេញជាប់មាត់ «អរគុណសន្តិភាពៗៗៗៗ» អរគុណសម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាព ដែលឆាកអន្តរជាតិគួរយកគំរូតាមគោលគំនិតរបស់ សម្តេចតេជោ ហ៊ុន សែន ។

ងាកមកសង្គ្រាម អ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងដំណាក់កាលទី 1 ដែលនឹងឃើញមានបទឈប់បាញ់គ្នាចាប់ផ្តើមនៅថ្ងៃទី 19 ខែមករា ឆ្នាំ 2025 តទៅ។ ដំណាក់កាលដំបូងនឹងមានរយៈពេល 42 ថ្ងៃ ឬ 6 សប្តាហ៍ ហើយរួមបញ្ចូលទាំងការដោះលែងចំណាប់ខ្មាំងទៅវិញទៅមក ។

កងទ័ពអ៊ីស្រាអែលមួយចំនួននៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវដកចេញទៅកាន់តំបន់មួយក្នុងចម្ងាយ 700 ម៉ែត្រពីព្រំដែនហ្គាហ្សា-អ៊ីស្រាអែល ហើយរថយន្តដឹកជំនួយចំនួន 600 គ្រឿងក្នុងមួយថ្ងៃ នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ ទុរ្ភិក្ស ហើយអ៊ីស្រាអែលនឹងអនុញ្ញាតឱ្យជនស៊ីវិលត្រឡប់ទៅផ្ទះវិញនៅភាគខាងជើង ផ្នែកនៃតំបន់ហាមឃាត់។

ប្រជាជនប៉ាឡេស្ទីនត្រេកអរស្ទើរជ្រុះបេះដូង បន្ទាប់ពីការប្រកាសបទឈប់បាញ់ ព្រោះ​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ត្រឡប់​មក​ស្រុក​វិញ​ ទោះបីជាផ្ទះសម្បែងក្លាយជាផែះផង់ ដោយសារតែការបំផ្លិចបំផ្លាញពីសង្គ្រាមអ៊ីស្រាអែលក៏ដោយ ។

លើសពីនេះ ក្រុមអ្នកតវ៉ាបទឈប់បាញ់នៅក្នុងទីក្រុងជាច្រើនបានប្រារព្ធកិច្ចព្រមព្រៀងនេះ។ នៅប្រទេសអាឡឺម៉ង់ បារាំង ម៉ិកស៊ិក លីបង់ និងទុយនេស៊ី ក៏ដូចជាទីភ្នាក់ងារសារព័ត៌មានធំៗផងដែរ ពួក​គេ​បាន​រាយការណ៍​ថា​នេះ​ជា​ព័ត៌មាន​ទាន់​សម័យ​ជុំវិញ​ពិភពលោក។

អង្គការអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ និងឥស្សរជនលេចធ្លោបាននិយាយអំពីបទឈប់បាញ់បន្ទាប់ពីសង្គ្រាមជាង 460 ថ្ងៃ មានដូចជា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និយាយថា «បទឈប់បាញ់គឺជាឱសថដ៏ល្អបំផុត» ។

Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក អ្នករិះគន់រដ្ឋបាល Joe លោក Biden ដែល​បាន​បញ្ជូន​អាវុធ​ទៅ​គាំទ្រ​អ៊ីស្រាអែល​បាន​និយាយ​ថា​៖ «​ភាគី​ទាំង​ពីរ​ត្រូវ​តែ​គោរព​កិច្ច​ព្រម​ព្រៀង​និង​ធ្វើ​សកម្មភាព​ឱ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ការសម្លាប់ដោយមិនដឹងខ្លួនត្រូវតែបញ្ឈប់! ចំណាប់ខ្មាំងត្រូវតែដោះលែង!

តើជំហានបន្ទាប់នឹងទៅជាយ៉ាងណា?

បទ​ឈប់​បាញ់​ដំណាក់​កាល​ទី​២ និង​ទី​៣ ​ត្រូវតែ​ពិភាក្សាខានពុំបាន។ ប៉ុន្តែអ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនផ្តល់ការធានាជាលាយលក្ខណ៍អក្សរណាមួយថា ការវាយប្រហារនឹងមិនកើតឡើងម្តងទៀតទេ! ទោះបីជាជំហានដំបូងត្រូវបានបញ្ចប់ក៏ដោយ ។ ទីភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់ប្រភពនៅក្នុងប្រទេសអេហ្ស៊ីបដែលនិយាយថា ប្រទេស​ចំនួន​បី​ដែល​ចូល​មក​សម្រុះសម្រួល​គឺ​អេហ្ស៊ីប កាតា និង​សហរដ្ឋ​អាមេរិក បានប្ដេជ្ញា​ចិត្ត​ចំពោះ​ក្រុម​ហាម៉ាស​នោះ ការចរចានឹងបន្ត ហើយភាគីទាំងបីនឹងជំរុញឱ្យមានកិច្ចព្រមព្រៀងលើដំណាក់កាលទី 2 និងទី 3 មុនពេលរយៈពេលប្រាំមួយសប្តាហ៍នៃដំណាក់កាលទី 1 ផុតកំណត់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម