នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានដឹកនាំក្រុមការងារមន្ទីរ ចូលរួមធ្វើយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាសង្កាត់តាក្តុល ក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម ឡេង គឹមស្រុង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួម ពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោកស្រីចៅសង្កាត់តាក្តុល លោកចៅសង្កាត់កំពង់សំណាញ់ មេភូមិ ប្រជាការពារ ក្រុមយុវជនស្ម័គ្រចិត្ត នៃយុវជនអ្នកធ្វើការ ASEZ WAO របស់សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ ប្រចាំនៅកម្ពុជា រួមនឹងក្រុមអ្នកស័គ្រចិត្តមកពីសាធារណៈរដ្ឋកូរ៉េ សរុប ១៥៧នាក់ (ស្រី ៦៥នាក់) ។
យុទ្ធនាការនេះ បានចុះអនុវត្តផ្ទាល់ ធ្វើចលនាសម្អាតបរិស្ថាន និងផ្សព្វផ្សាយការធ្វើអនាម័យបរិស្ថាន ការទុកដាក់សំរាមឱ្យបានត្រឹម ដល់ប្រជាពលរដ្ឋ នៅតាមកំណាត់ដងផ្លូវជាតិលេខ២ និងកំណាត់ផ្លូវជាតិលេខ១១៥ រហូតដល់អនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតក្នុងដែនដីសង្កាត់តាក្តុល និង សង្កាត់កំពង់សំណាញ់ ដោយប្រមូលសំរាម សំណល់រឹង បានប្រមាណ ១តោន។
ឯកឧត្តម ឡេង គឹមស្រុង បានមានប្រសាសន៍ថា យើងទាំងអស់គ្នាពិតជាមានភាពរីករាយណាស់ ក្នុងការចូលរួមធ្វើឱ្យប្រទេសកម្ពុជាស្អាត ក៏ដូចជាធ្វើឱ្យពិភពលោកស្អាត គ្មានសំរាម សំណល់រឹង សំណល់ប្លាស្ទិក ព្រមទាំងបានថ្លែងអំណរគុណក្រុមអ្នកស្ម័គ្រចិត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារមន្ទីរបរិស្ថាន ដែលបានខិតខំចូលរួមនាពេលនេះ និងសូមឱ្យមានការសហការចូលរួមធ្វើសកម្មភាពនេះជាបន្តបន្ទាប់ថែមទៀត ៕