កសិករឈប់ខ្វល់ ឈប់ព្រួយ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាការទិញស្រូវពីប្រជាកសិករ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី20 ខែមករា ឆ្នាំ2025 ម៉ោង 7:41 នាទី ល្ងាច

 

 

 

Bong SoRith:

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល សម្រេចឯកភាពដំឡើងកញ្ចប់ថវិកាបន្ថែម រហូតដល់១៥០លានដុល្លារអាមេរិក ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។ សម្តេចថែ្លងបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោអសមិទ្ធផលថ្មីនានា នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ​ដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ។

សម្តេចបវរធិបតី បញ្ជាក់ថា បើសិនជាអត់មានលុយ ១៥០លានដុល្លារសម្រាប់ដាក់ធានាឲ្យម៉ាស៊ីនកិនស្រូវទេ គឺម៉ាស៊ីនកិនស្រូវ ទៅខ្វីលុយធនាគារអត់បានទេ ដែលមានន័យថា រាជរដ្ឋាភិបាល ចេញមុខទៅជួយផ្ដល់ឥណទាន។ «យើងមានយុទ្ធការធានាឥណទានសម្រាប់ការនាំចេញអង្ករ ដែលមានទំហំគម្រោងពី៣០លានដុល្លារ ដំឡើងរហូតដល់១៥០លានដុល្លារ ដែលបានឯកភាពកាលពីសប្ដាហ៍មុន [...] ដើម្បីធានាដល់រោងមាស៊ីនកិនស្រូវ អាចមានលទ្ធភាពទៅខ្ចីលុយពីធនាគារឯកជន មកធ្វើជាទុនបង្វិល»

ការសម្រេចដំឡើងកញ្ចប់ថវិកា រហូតដល់១៥០លានដុល្លារនេះ គឺជាវិធានជាក់ស្ដែង ដែលរាជរដ្ឋាភិបាលបានធ្វើ ហើយនឹងកំពុងធ្វើ នឹងធ្វើបន្ដទៀត ដើម្បីធានាចរន្ដការទិញស្រូវពីប្រជាកសិករ។

ឆ្លៀតក្នុងឱកាសដ៏សែនរីករាយនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនទាំងអស់ ផ្តល់ឥណទានដល់វិស័យកម្ម ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្តល់លទ្ធភាពដល់រោងម៉ាស៊ីន ប្រមូលទិញស្រូវពីកសិករ។

គូសបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB ) បានទម្លាក់ថវិកា៥លើករួចមកហើយ ដើម្បីអភិវឌ្ឍន៍វិស័យស្រូវអង្ករ និងរក្សាស្ថេរភាពថ្លៃ ដែលមានទំហំទឹកប្រាក់ ប្រមាណជាង២០០លានដុល្លារ រួមមាន៖ លើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦, លើកទី២ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២០ និងលើកទី៥ នៅខែមីនា ឆ្នាំ២០២៤ ។

ដូច្នេះ ប្រជាកសិករ ឈប់ខ្វល់ ឈប់ព្រួយ កុំស្តាប់សម្តីញុះញង់របស់ពួកប្រឆាំងក្រៅស្រុក ដែលកេងចំណេញយករឿងកសិកម្ម មកធ្វើជារឿងនយោបាយ ដើម្បីវាយប្រហាររាជរដ្ឋាភិបាល ។ ការពិតនៅចំពោះមុខបងប្អូនហើយ មានតែរាជរដ្ឋាភិបាលទេ ដែលនៅជាប់ប្រជាជន ដឹងសុខទុក្ខប្រជាជន គ្មាននរណាជួយបាន ក្រៅតែរាជរដ្ឋាភិបាល ដែលដឹកនាំគិតគូរពីប្រជាជនគ្មានស្រាកស្រាន្ត ៕

 

រូបថតផេកសម្តេចបវរធិបតី


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម