ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ធ្វើឱ្យខេត្តកំពង់ឆ្នាំងស្អាត គ្មានសំណល់ សំរាមប្លាស្ទិក ហើយភាពស្អាតនេះ បានឆ្លុះបញ្ចាំងនូវឥរិយាបថស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងទាំងមូល និងសាមគ្គីភាពរវាងអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខេត្តកំពង់ឆ្នាំង។
លើសពីនេះ ភាពស្អាតរបស់ខេត្តកំពង់ឆ្នាំងបានសរបញ្ជាក់ពីការការពារសុខុមាលភាពប្រជាពលរដ្ឋឱ្យចាកផុតពីជំងឺដម្កាត់នានាដោយការបំពុលពីសំណល់សំរាមប្លាស្ទិក ទន្ទឹមនឹងភាពស្អាតបរិស្ថានជុំវិញខ្លួន ភាពស្អាតផ្នែកខាងក្នុងក៏មានសារសំខាន់ផងដែរ ហើយភាពស្អាតក្នុងផ្នត់គំនិតនេះ នឹងដឹកនាំអ្នកជំនាន់ក្រោយរបស់កម្ពុជាបន្តនូវភាពស្អាតជានិច្ចនិរន្តទៅ។
សូមជម្រាបជូនថា ពិធីប្រកាសខេត្តកំពង់ឆ្នាំងស្អាត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈនេះ បានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា នៃរដ្ឋសភាប្រចាំមណ្ឌលខេត្តកំពង់ឆ្នាំង តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងភ្ញៀវអន្តរជាតិ រួមទាំងសិស្សានុសិស្សប្រមាណជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥៕
By Mrs. H. SN