ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណសម្បត្តិ នៃការជ្រើសរើសមេភូមិ អនុភូមិ និង សមាជិកភូមិទូទាំងប្រទេស!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែមករា ឆ្នាំ2025 ម៉ោង 6:39 នាទី ល្ងាច

 

ប្រិយមិត្តអ្នកអានខ្លះ ពុំបានយល់ដឹងពីការជ្រើសរើសមេភូមិ អនុភូមិ និង សមាជិកភូមិតាមបែបផែនដូចម្តេច ? ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិយ៉ាងដូចម្តេច? 

ថ្លែងនៅក្នុងពិធីបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានបង្ហើបការត្រៀមលក្ខណៈពិនិត្យកែសម្រួលឡើងវិញនូវនីតិវិធី និងលក្ខណសម្បត្តិ នៃការជ្រើសរើសមេភូមិ អនុភូមិ និង សមាជិកភូមិទូទាំងប្រទេស ។

ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ធ្វើឡើងនៅមួយថ្ងៃ បន្ទាប់ពីលោកក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបើកកិច្ចប្រជុំពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមទាំងពិនិត្យ ពិភាក្សាពីសំណើកែសម្រួលនីតិវិធី និងលក្ខណសម្បត្តិ នៃការជ្រើសរើសមេភូមិ អនុភូមិ និងសមាជិកភូមិផងដែរ ។

បើតាមការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងរយៈកាលប្រមាណ ២០ ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយប្រជាពលរដ្ឋផ្ទាល់ ជាប្រវត្តិសាស្ត្រកាលពីឆ្នាំ ២០០២ មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលត្រូវបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ-សង្កាត់ បានខិតខំបំពេញការងារយ៉ាងសកម្មតាមតួនាទី និងភារកិច្ច ជាពិសេសដើរតួនាទីជាស្ពានទំនាក់ទំនងការងាររវាងពលរដ្ឋក្នុងភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីដោះស្រាយសំណើ សំណូមពរ និងតម្រូវការផ្សេងៗ ។

ប្រមុខក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ឆ្លងកាត់បទពិសោធនៃការអនុវត្តជាច្រើនមក ស្ថានភាពសង្គមកាន់តែមានភាពរីកចម្រើន ប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសតម្រូវការអាទិភាពនៅក្នុងកិច្ចការប្រចាំថ្ងៃនៅមូលដ្ឋានដែលពាក់ព័ន្ធទៅនឹងតួនាទីថ្នាក់ដឹកភូមិ ដែលទាមទារឲ្យមានការពិនិត្យកែសម្រួលឡើងវិញ ទាំងគោលការណ៍នីតិវិធី និងលក្ខណសម្បត្តិនៃការជ្រើសរើស ដោយពិនិត្យលើអាយុ កម្រិតវប្បធម៌ និងអាណត្តិការងារ ធ្វើយ៉ាងណាដើម្បីធានារួមចំណែកបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។

យោងតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ មីនា ២០០៦ របស់ក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និងនីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ ចុះហត្ថលេខាដោយសហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០០៦ ដែលអនុវត្តមកដល់បច្ចុប្បន្ននេះ ក្នុងចំណោមលក្ខខណ្ឌមួយចំនួន គឺបេក្ខជនមេភូមិ អនុភូមិ និងសមាជិកភូមិ ត្រូវមានសញ្ជាតិខ្មែរ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលសាម៉ីខ្លួនកំពុងរស់នៅ មានអាយុ ២៥ ឆ្នាំ(គិតត្រឹមថ្ងៃដាក់ស្នើបេក្ខជន ចេះអាន និងចេះសរសេរអក្សរខ្មែរ និងមានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដែលបានដាក់ស្នើបេក្ខជននេះ យ៉ាងតិច ៦ខែជាប់ៗគ្នា។ ថ្នាក់ដឹកនាំភូមិទាំង ៣រូបនេះ មិនមានអាណត្តិដូចក្រុមប្រឹក្សាឃុំ-សង្កាត់នោះឡើយ ។ ជាទូទៅកម្រមានការផ្លាស់ប្តូរថ្នាក់ដឹកនាំភូមិណាស់ លើកលែងតែពួកគាត់ទទួលមរណភាព ឬមានកំហុសផ្ទុយនឹងសេចក្តីណែនាំលេខ ០០៤ ។

សូមបញ្ជាក់ថា អនុលោមតាមមាត្រា ៣០ និងមាត្រា ៨៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី១ នេះ ត្រូវធ្វើការជ្រើសរើសមេភូមិនៅគ្រប់ភូមិទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយការរៀបចំជ្រើសរើសមេភូមិ ត្រូវធ្វើឡើងតែនៅភូមិណាដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ ។

មួយវិញទៀត មេភូមិ អនុភូមិ និងសមាជិកភូមិ មិនត្រូវបានកំណត់អាណត្តិការងារឡើយ ។ ពួកគាត់ទាំងបី ត្រូវបាត់ បង់ពីមុខតំណែង ក្នុងករណី សាម៉ីខ្លួនទទួលមរណភាព សាម៉ីខ្លួនដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាលាយលក្ខណ៍អក្សរ សាម៉ីខ្លួនបាត់បង់សម្បទាវិជ្ជាជីវៈដោយមានលិខិតបញ្ជាក់ពីភ្នាក់ងារមានសមត្ថកិច្ច សាម៉ីខ្លួនត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៃឃុំ សង្កាត់របស់ខ្លួន សាម៉ីខ្លួនផ្លាស់ទីលំនៅទៅភូមិផ្សេង និងសាម៉ីខ្លួនមាកំហុសឆ្គងក្នុងការងារ ហើយត្រូវបញ្ឈប់ពីមុខតំណែងដោយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ។

ក្នុងករណីមានមេភូមិ ឬអនុប្រធានភូមិ ឬសមាជិកភូមិណាមួយ ដែលបានប្រព្រឹត្តខុសឆ្គងក្នុងការងារ មេឃុំ ចៅសង្កាត់សាមី ត្រូវធ្វើការណែនាំជាលាយល័ក្ខអក្សរឱ្យសាមីខ្លួនកែលម្អចំណុចខុសឆ្គងទាំងនោះ និងត្រូវធ្វើសេចក្តីរាយការណ៍ជូនក្នុងកិច្ចប្រជុំបន្ទាប់ របស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ។ ក្នុងករណីដែលបានទទួលការណែនាំហើយ ប៉ុន្តែ សាមីខ្លួននៅតែប្រព្រឹត្តខុសឆ្គងបន្តទៀតនោះ មេឃុំ ចៅសង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកោះអញ្ជើញសាមីខ្លួនអោយមកទទួលការណែនាំនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ ដោយមានចុះក្នុងកំណត់ហេតុ នៃកិច្ចប្រជុំក្រុមប្រឹក្សាឃុំ សង្កាត់ដើម្បីឱ្យសាមីខ្លួនធ្វើការកែលំអកំហុសឆ្គង ។ ក្រោយពីបានទទួលការណែនាំពីក្រុមប្រឹក្សាឃុំ សង្កាត់រួចហើយ ប្រសិនបើសាមីខ្លួនមិនព្រមរាង ចោល មេឃុំ ចៅសង្កាត់ត្រូវធ្វើសេចក្តីរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងស្នើសុំឱ្យក្រុមប្រឹក្សាឃុំ សង្កាត់សម្រេចអនុម័តបញ្ឈប់ពីមុខតំណែងតាមសម្លេងភាគច្រើននៃក្រុមប្រឹក្សាឃុំ សង្កាត់ទាំងមូល ។

ក្នុងករណីមានមេភូមិ ឬអនុប្រធានភូមិ ឬសមាជិកភូមិណាម្នាក់ត្រូវបានបាត់បង់ពី មុខតំណែងតាមករណីណាមួយខាងលើនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវចាត់ឱ្យធ្វើការជ្រើសរើសបេក្ខជនសម្រាប់កន្លែងដែលទំនេរនោះ ដើម្បីដាក់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ពិនិត្យ អនុម័ត ក្នុងរយៈពេល ០៧ថ្ងៃយ៉ាងយូរ ស្របទៅតាមបែបបទ និងនីតិវិធី ដូចមានចែង ក្នុងចំណុចទី២ និងចំណុចទី៣ នៃសេចក្តីណែនាំនេះ ។

បើចង់ជ្រាបលម្អិត សូមអានសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ មីនា ២០០៦ ៕

 

អត្ថបទ សូរ្យរិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម