សម្ដេចធិបតី៖ ត្រូវលុបបំបាត់ភាពស្មុគស្មាញនៅច្រកទ្វារព្រំដែន ខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែមករា ឆ្នាំ2025 ម៉ោង 7:08 នាទី ល្ងាច

 

អត្ថបទ សូរ្យសែង៖ 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា​មានផ្លូវល្អហើយ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺនីតិវិធីនៅច្រកទ្វារព្រំដែនស្មុគស្មាញ។ ការស្មុគស្មាញនេះ ក៏ជះឥទ្ធិពលមិនល្អ ដែលនាំឲ្យខាតពេលវេលា រាំងស្ទះក្នុងការដឹកជញ្ជូន និងនាំឲ្យតម្លៃមិនល្អ តែកន្លងទៅយើងបានកែសម្រួលច្រើនពាក់ព័ន្ធនឹងគយនៅតាមច្រក និងកំពង់ផែ។

ការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា ជាការពិតនីតិវិធីខ្លះប្រើប្រាស់យូរឆ្នាំពេក ដូច្នេះដើម្បីលឿនត្រូវលុបបំបាត់ភាពស្មុគស្មាញទាំងនេះ សូមកុំអនុវត្តម្ដងទាំងអស់ ត្រូវអនុវត្តជាជំហានៗ។ សម្ដេចថា ប្រព័ន្ធដឹកជញ្ជូនរបស់យើង គឺមានសារៈសំខាន់ណាស់ មិនត្រឹមតែបម្រើឲ្យតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្ដែជាកត្តាមួយដែលមានភាពប្រកួតប្រជែងខ្លាំង ថ្លៃដឹកជញ្ជូនគឺបូកផ្សំធំណាស់ ក្នុងការប្រកួតប្រជែង នៃផលិតផលយើងនៅក្រៅប្រទេស។

សម្ដេចមហាបវរធិបតី បានបន្ដថា ការគិតគូរពីប្រព័ន្ធភស្តុភារកម្ម គឺមិនគិតគូរពីហេដ្ឋារចនាសម្ព័ន្ធនោះទេ កិច្ចការងារនេះក្រសួង ស្ថាប័នពាក់ព័ន្ធ ដើរតួនាទីសំខាន់ក្នុងការជួយ ដូចជាការសម្រួលនិតិវីធីនៅច្រកព្រំដែន ជាដើម ជួនកាលផ្លូវល្អហើយ ហេដ្ឋារចនាសម្ពន្ធ ទីតាំងគឺល្អអស់ហើយ ប៉ុន្ដែនិតីវិធីស្ម័គ្រស្មាញនៅច្រកព្រំដែន នឹងធ្វើឲ្យខាតពេលវេលា ធ្វើឲ្យតម្លៃលំបាក។

សម្ដេចមហាបវរធិបតីបញ្ជាក់ថា ដូច្នេះបានកន្លងទៅយើងបានធ្វើការកែទម្រង់ច្រើន ពីរដ្ឋាភិបាល ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំកែសម្រួលនិតិវីធីច្រើន ទាក់ទិននឹងគយ នៅតាមច្រកព្រំដែន និងនៅតាមផែជាដើម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងអាណត្តិនេះក៏មានការប្ដេជ្ញាចិត្ត កែសម្រួលឲ្យកាន់តែស្រួចបន្ថែមទៀត នីតិវិធីខ្លះបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ដូច្នេះដើម្បីលឿន ខ្ញុំបានណែនាំថា កន្លែងខ្លះកុំឲ្យស្មុគស្មាញ មានន័យថា ការធ្វើអ្វីមួយកុំចាប់ផ្ដើមឡើងដោយធ្វើទាំងមូល កុំកែទូទាំងប្រទេស ជួនកាលនីតិវីធីខ្លះត្រូវរអនុវត្តន៍ជាជំហាន»៕

 

រូបថត ឆាណែល Telegram សម្តេចធិបតី

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម