សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ជាផ្នែកមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវដោយ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (APG) នៃក្រុមការងារហិរញ្ញវត្ថុ ( FATF)

ព័ត៌មានសង្គមថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2025 ម៉ោង 8:28 នាទី ល្ងាច

 

កិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ដ្រី នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានពិភាក្សា ឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗ ៣ ៖

*ទី១៖ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ
*ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក
*ទី៣៖ របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព និងបញ្ហាផ្សេង។

នៅក្នុងរបៀបវារៈទី ២ នៃសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក មានចំនួន ៤ជំពូក និង ១៥មាត្រា ត្រូវបានផ្តួចផ្តើមរៀបចំ និងតាក់តែងដោយក្រសួងយុត្តិធម៌ នៅក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងកំណត់អំពីលក្ខខណ្ឌ សមត្ថកិច្ច និងនីតិវិធីក្នុងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យកនៅក្នុងរឿងក្តីព្រហ្មទណ្ឌ ដើម្បីរក្សាតម្លៃសេដ្ឋកិច្ចនៃវត្ថុចាប់យកទាំងនោះ ព្រមទាំង ការពារផលប្រយោជន៍របស់ម្ចាស់នៃវត្ថុចាប់យក ឬរបស់បុគ្គលពាក់ព័ន្ធផ្សេងទៀត និងការពារផលប្រយោជន៍សាធារណៈ។ ដោយវត្ថុចាប់យកនៅក្នុងដំណាក់កាលនីតិវិធីនៃរឿងក្តីព្រហ្មទណ្ឌ មិនទាន់ក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឡើយ សេចក្តីព្រាងច្បាប់នេះ បានកំណត់យកស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក នៅតាមដំណាក់កាលនីមួយៗនៃនីតិវិធីព្រហ្មទណ្ឌ។

ផ្អែកតាមសេចក្តីព្រាងច្បាប់នេះ ជាគោលការណ៍ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ត្រូវធ្វើឡើងក្នុងទម្រង់ជាការលក់ឡាយឡុង។ ប៉ុន្តែ ក្នុងករណីចាំបាច់ ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អាចធ្វើក្នុងទម្រង់ណាមួយផ្សេងទៀតក្រៅពីការលក់ឡាយឡុង ដែលនឹងត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមមន្ត្រីក្រសួងយុត្តិធម៌។ ទន្ទឹមនេះ ប្រាក់ដែលទទួលបានពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក អាចត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ឬត្រូវរឹបអូសជាទ្រព្យសម្បត្តិរដ្ឋ ប្រាក់ទាំងនេះត្រូវរក្សាទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌ នៅធនាគារណាមួយ បន្ទាប់ពីមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីព្រាងច្បាប់នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីឱ្យស្របតាមបរិបទនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ដែលតុលាការព្រហ្មទណ្ឌអាចប្រើប្រាស់មធ្យោបាយឌីជីថលនានា ជំនួសការរក្សាទុកវត្ថុចាប់យកជារូបវ័ន្ត ជាអាទិ៍ ការថតរូបវត្ថុចាប់យក ដើម្បីទុកជាភស្តុតាងសម្រាប់បម្រើឱ្យចំណាត់ការរបស់តុលាការតាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះ ការបង្កើតឱ្យមានច្បាប់នេះ ក៏ជាផ្នែកមួយដ៏សំខាន់ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវដោយ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Group ហៅកាត់ APG) នៃក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force ហៅកាត់ FATF) ក្នុងការវាយតម្លៃអំពីការគ្រប់គ្រង ការថែរក្សា និងការចាត់ចែងវត្ថុចាប់យកដែលត្រូវបានឃាត់ទុក ឬបង្កកទុក ឬសម្រេចរឹបអូសដោយតុលាការពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ផងដែរ ។

សូមយល់អំពី ការចាប់យក ឬរឹបអូស ។ បើតាមលោកមេធាវី ខូវ ចន្ថា ទីប្រឹក្សាក្រសួងយុត្តិធម៌ បានពន្យល់ និងលើកជាឧទាហរណ៍ជាក់ស្តែងដោយសង្ខេបនៅក្នុងបទសម្ភាសជាមួយ CNC TV កន្លងមក អំពីការចាប់យក ឬរឹបអូសវត្ថុ គឺផ្តើមដោយមន្ត្រីនគរបាលយុត្តិធម៌ គឺចាប់យករាល់វត្ថុទាំងអស់ ដែលមានការសង្ស័យ ឬក៏ជាវត្ថុដែលត្រូវថែទាំ ដូចជា ការតាមជនសង្ស័យដែលមានយានជំនិះជិះនឹងខ្លួន យើងអត់ទាន់ដឹងថា យានយន្តនឹងជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬមិនប្រព្រឹត្តបទល្មើសទេ តែយើងក៏មិនអាចទុកយានយន្តនឹងចោលបានដែរ ដូច្នេះយើងត្រូវតែចាប់យកវត្ថុនឹងបញ្ជូនទៅតុលាការ ដើម្បីតុលាការពិនិត្យវត្ថុទាំងអស់នឹង មិនប្រាកដថាជាភស្តុតាងនៃការប្រព្រឹត្តនៃបទល្មើសទាំងអស់ទេ ដែលត្រូវយកឲ្យតុលាការពិនិត្យសិន ។ ក្រោយពីតុលាការស៊ើបអង្កេតពិនិត្យឃើញថា វត្ថុមួយចំនួនដែលយកមក មិនពាក់ព័ន្ធនឹងបទល្មើស គឺគាត់អាចសម្រេចឲ្យម្ចាស់ដើមវិញ ទៅតាមនីតិវិធីរបស់តុលាការ មានឯកសារច្បាស់លាស់ថា របស់នឹងមិនមែនជារបស់ជនត្រូវចោទ ។ មួយទៀត ជួនកាលវាមិនមែនជាភស្តុតាងការប្រព្រឹត្តបទល្មើសទេ ប៉ុន្តែវាជាកម្មសិទ្ធិរបស់ជនត្រូវចោទ ដូច្នេះ តុលាការក៏មិនអាចប្រគល់ទៅឲ្យជនត្រូវចោទវិញដែរ ដោយសារវាទាក់ទងទៅនឹងសំណង នឹងជាសិទ្ធិសម្រេចរបស់តុលាការ ។

នៅក្នុងនីតិវិធីនៃការរឹបអូសវិញ មាននីតិវិធី ២ គឹតុលាការអាចចេញដីកាសម្រេចឲ្យរឹបអូស ក្នុងដំណាក់កាលស៊ើបអង្កេត ។ នៅពេលសំណុំរឿងទៅដល់ដៃចៅក្រមស៊ើបសួរ ចៅក្រមស៊ើបសួរបានពិនិត្យហើយ ឃើញថាមានពាក់ព័ន្ធនឹងទ្រព្យសម្បត្តិមួយចំនួន ដូចជា ទ្រព្យប្លន់ ឬអចលនទ្រព្យមួយចំនួនទៀតដែលពាក់ព័ន្ធបទល្មើស ដែលសមត្ថកិច្ចមិនទាន់បានយកមក ឧទាហរណ៍មិនទាន់បានរកឃើញ ប៉ុន្តែតុលាការបានពិនិត្យឃើញ ដូច្នេះតុលាការអាចចេញដីកាបង្គាប់ឲ្យរឹបអូស ដើម្បីឲ្យមន្ត្រីនគរបាលយុត្តិធម៌យករបស់នឹងមក ឬក៏ហាមឃាត់ការផ្លាស់ប្តូរអចលនវត្ថុនោះ ដើម្បីទប់ស្កាត់នូវការបាត់បង់ នេះដំណាក់កាលទី ១ ។ ប៉ុន្តែ បើការរឹបអូសឲ្យពេញលេញ គឺកំណត់ដោយសាលក្រម រឹបអូស ។ ឧទាហរណ៍ ការរឹបអូសអចលនទ្រព្យរបស់ជនជាប់ចោទ នៅពេលរឹបអូស តុលាការត្រូវកំណត់ថា រឹបអូសយកទៅធ្វើអី គឺតុលាការបានកំណត់ច្បាស់ រឹបអូសដើម្បីលក់ឡាយឡុងដើម្បីធានាសំណងទៅជនរងគ្រោះ ឬរឹបអូសដើម្បីទុកជាសម្បត្តិរដ្ឋ ។ ឧទាហរណ៍ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឡានបុកគេ ហើយគាត់អត់មានលុយសង អញ្ចឹង គេរឹបអូសយកឡាន ទុកធានាសំណងទៅជនរងគ្រោះ ។ បើរឹបអូសទៅជាសម្បត្តិរដ្ឋ ឧទាហរណ៍ បទល្មើសគ្រឿងញៀន ឬក៏បទល្មើសជួញដូរភ្លូវភេទ ច្បាប់បានកំណត់ថា ការផ្តល់ទីតាំង រដ្ឋត្រូវរឹបអូសទីតាំងហ្នឹងជាសម្បត្តិរដ្ឋ ។ បើសិនតុលាការពិនិត្យឃើញថា ម្ចាស់ទីតាំងនឹងបានផ្តល់ទីតាំងដោយចេតនា ឲ្យប្រព្រឹត្តបទល្មើស នឹងក៏ក្លាយជាកម្មវត្ថុនៃការរឹបអូសដែរ ប៉ុន្តែបើសិនជាគាត់ ជួលមានកិច្ចសន្យាត្រឹមត្រូវ មានលក្ខខណ្ឌ មានការដឹងឮពីអាជ្ញាធរ ហើយជននឹងយកទៅជួលប្រព្រឹត្តបទល្មើសវាមិនពាក់ព័ន្ធដល់ម្ចាស់ដើមទេ រឿងអីឲ្យខាតបង់ទ្រព្យសម្បត្តិគាត់ ដូច្នេះតុលាការអាចប្រគល់ឲ្យវិញ នៅពេលសាលក្រមសម្រេច ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម