លោក ខ្វៃ អាទិត្យា ៖ ក្រសួងបរិស្ថានយកចិត្តទុកដាក់ តាមដានត្រួតពិនិត្យគុណភាពខ្យល់៦០ ទូទាំងប្រទេស, ព្រឹកថ្ងៃទី២៦ ខែមករា គុណភាពខ្យល់មធ្យម

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែមករា ឆ្នាំ2025 ម៉ោង 9:57 នាទី ព្រឹក

 

នៅព្រឹកនេះ (២៦ មករា) អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់តាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយ ។ ការតាមដានត្រួតពិនិត្យគុណភាពខ្យល់មានចំនួន៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (µg/m3) (PM2.5) នៅក្នុងបរិយាកាស។

ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃម្សិលមិញ (២៥ ខែមករា) ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ «មធ្យម»។

នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ បានបង្ហាញថា សន្ទស្សន៍ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តរតនគិរី ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកែប, ពណ៌លឿងៈ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ, ពណ៌ក្រហមៈ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប និងខេត្តកោះកុង។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំជាបន្តបន្ទាប់។

លោកក៏បានស្នើដល់សាធារណជន តាមដានព័ត៌មានស្តីពៅគុណភាពខ្យល់ ជាផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS បានក្រប់ពេលវេលា៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម