ដោយ សូរ្យសែង៖
CNN បានប្រកាសនៅថ្ងៃទី 23 ខែមករាថា ខ្លួននឹងកាត់បន្ថយបុគ្គលិកប្រហែល 6% ឬប្រហែល 200 មុខតំណែង ដោយនាយកប្រតិបត្តិ CNN លោក ម៉ាក ថមសុន (Mark Thompson) បានឲ្យដឹងថា ទីភ្នាក់ងារព័ត៌មាននឹងបើកដំណើរការសេវាកម្មផ្សាយព័ត៌មានថ្មី (Streamming) រចនាឡើងវិញនូវប្រព័ន្ធឌីជីថល(Digital Footprint) មានសេវាកម្មព័ត៌មានថ្មី និងកែសម្រួលកាលវិភាគកម្មវិធី ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរទស្សនិកជននៅអាមេរិក និងជុំវិញពិភពលោក ។
ទោះជាយ៉ាងណាក៏ដោយ លោក ថមសុន បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា នឹងមានការបើកយកមុខតំណែងថ្មី នេះមានន័យថា បុគ្គលិកសរុបនៅ CNN នឹងមិនត្រូវបានកាត់បន្ថយច្រើននៅចុងឆ្នាំនេះទេ ក្រោយពីរដូវក្តៅ CNN បានកាត់បន្ថយការងារចំនួន 100 ឬប្រហែល 3% នៃកម្លាំងការងាររបស់ខ្លួន ដើម្បីកែលម្អប្រតិបត្តិការប្រមូលព័ត៌មានរបស់ខ្លួន។
គេបានព្យាករណ៍ពីមុនថា CNN នឹងកាត់បន្ថយបុគ្គលិកបន្ថែមទៀត ខណៈដែល CNN កែប្រែប្រតិបត្តិការព័ត៌មានរបស់ខ្លួន ដើម្បីផ្តោតលើកំណើនឌីជីថល ដោយសារតែទីភ្នាក់ងារព័ត៌មានធំៗស្ទើរតែទាំងអស់កំពុងជួបប្រទះនឹងការធ្លាក់ចុះនៃចំនួនអ្នកមើល និងប្រាក់ចំណូល នៅពេលអ្នកមើលផ្លាស់ទីទៅវេទិកាផ្សេងទៀតដើម្បីទទួលបានព័ត៌មានរបស់ពួកគេ។
លោក ដមសុន បញ្ជាក់ថា: «ការផ្លាស់ប្តូរដែលយើងកំពុងប្រកាសនៅថ្ងៃនេះគឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការផ្លាស់ប្តូររបៀបដែលទស្សនិកជននៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោកប្រើប្រាស់ព័ត៌មាន»។ យើងមានគោលដៅច្បាស់លាស់មួយ៖ CNN ផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅកាន់វេទិកា និងផលិតផលដែលអ្នកមើលកំពុងងាកទៅរក ហើយការធ្វើដូច្នេះនឹងធានាបាននូវអនាគតរបស់ CNN ជាស្ថាប័នព័ត៌មានដ៏ធំបំផុតមួយរបស់ពិភពលោក។ អាមេរិក និងពិភពលោកត្រូវការព័ត៌មានដែលមានគុណភាព មានភាពយុត្តិធម៌ និងគួរឱ្យទុកចិត្តជាងពេលណាទាំងអស់ នេះគឺជាដំណើរការផ្លាស់ប្តូរដ៏លំបាកមួយ»។
ក្រុមហ៊ុនមេ CNN Warner Bros. Discovery នឹងវិនិយោគ 70 លានដុល្លារក្នុងផែនការឌីជីថលរបស់ CNN ។ ទោះ បីជា CNN មានសេវាកម្មស្ទ្រីមហៅកាត់ថា CNN Max រួចហើយក៏ដោយ ក៏លោក ថមសុន ថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមសេវាកម្មថ្មីមួយ ប៉ុន្តែនៅមិនទាន់មានការប្រកាសនៅឡើយទេថាតើសេវា Stream ថ្មីនេះនឹងមានអ្វីខ្លះនៅឡើយ ៕