បទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យដកហូតសញ្ជាតិកុមារដែលកើតនៅអាមេរិក ដែលមានឪពុកម្តាយមិនមែនជាពលរដ្ឋអាមេរិក ឬមានមូលដ្ឋានអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក បានបង្កឲ្យមានការព្រួយបារម្ភជុំវិញពិភពលោក រួមទាំងជនភៀសខ្លួនឥណ្ឌាផងដែរ ដែលរំពឹងថានឹងប៉ះពាល់ដល់មនុស្សរាប់លាននាក់ ។ នេះបើតាមការចុះផ្សាយរបស់កាសែត Times of India នៅថ្ងៃពុធ ទី២២ ខែមករា ។
បទបញ្ជាដែលនឹងចូលជាធរមាននៅថ្ងៃទី២០ ខែកុម្ភៈ បានចែងថា កុមារដែលកើតពីឪពុកម្តាយកាន់លិខិតឆ្លងដែនបរទេស ក្នុងនោះរួមដល់ភ្ញៀវទេសចរ សិស្ស និស្សិត និងវីសាការងារ នឹងមិនទទួលបានសិទ្ធិជាពលរដ្ឋអាមេរិក លែងជាស្វ័យប្រវត្តិទៀតហើយ ។
កាសែត Times of India បានរាយការណ៍ថា គោលនយោបាយនេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសជាមួយនឹងប្រជាជនឥណ្ឌាជាង 1 លាននាក់កំពុងរង់ចាំកាតបៃតង (Green Card) របស់ពួកគេ នេះបើតាមទស្សនាវដ្ដី Forbes ផ្សាយកាលពីខែមេសា ឆ្នាំមុន។
ទិន្នន័យជំរឿនសហរដ្ឋអាមេរិក ដែលបានវិភាគដោយអង្គការ Pew Research បានរកឃើញថា គិតត្រឹមឆ្នាំ 2022 អាមេរិកគឺជាផ្ទះរបស់ជនជាតិអាមេរិកដើមកំណើតឥណ្ឌាប្រមាណ 4.8 លាននាក់ ដែលក្នុងនោះ 34% (1.6 លាននាក់) មានសិទ្ធិជាពលរដ្ឋអាមេរិក ។ ពាក់កណ្តាលនៃជនជាតិអាមេរិកដើមកំណើតឥណ្ឌា រស់នៅក្នុងរដ្ឋចំនួន 4៖ កាលីហ្វ័រញ៉ា (20%) តិចសាស់ (12%) ញូវជឺស៊ី (9%) និងញូវយ៉ក (7%) ។
បទបញ្ជានេះបានជំរុញឱ្យមានការរិះគន់តបទៅលោក ត្រាំ ដោយមនុស្សមានឥទ្ធិពល និងអង្គការជាច្រើន បានថ្កោលទោសការសម្រេចចិត្តនេះ។ ក្រុមសិទ្ធិមនុស្ស និងជនអន្តោប្រវេសន៍ រួមទាំងសហភាពសេរីភាពស៊ីវិលអាមេរិក បានដាក់ពាក្យបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងការផ្លាស់ប្តូរនេះកាលពីដើមសប្តាហ៍មុន ។
Cyrus D. Mehta គឺជាមេធាវីអន្តោប្រវេសន៍ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ផ្តល់សម្ភាសន៍ជាមួយកាសែត Times of India ស្តីពីបទបញ្ជានេះ។ «វាច្បាស់ណាស់នឹងត្រូវបានជំទាស់ក្នុងតុលាការ» ប៉ុន្តែវាទំនងជាថារដ្ឋបាល ត្រាំ គួរតែតទល់នឹងបញ្ហានេះរហូតដល់តុលាការកំពូល។ ក្រុមចៅក្រមភាគច្រើន ជាអ្នកអភិរក្សនិយម នឹងយល់ស្របជាមួយនឹងការបកស្រាយរបស់លោក ត្រាំ អំពីមាត្រា ១៤ នៃរដ្ឋធម្មនុញ្ញ ។
នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក មេធាវីអន្តោប្រវេសន៍ដាក់ពាក្យបណ្តឹងផ្លូវច្បាប់នៅ New Hampshire គិតត្រឹមល្ងាចថ្ងៃទី ២០ មករា មិនយូរប៉ុន្មាន បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនេះ ។ រដ្ឋចំនួន 22 ដែលដឹកនាំដោយប្រជាធិបតេយ្យ រួមទាំងទីក្រុង Washington, DC និង San Francisco បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនេះ និងបានដាក់ពាក្យបណ្តឹងនៅទីក្រុង Boston និង Seattle ដោយចោទប្រកាន់លោក ត្រាំ ពីបទបំពានរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ៕
ប្រភព៖ RNews + mgronline