ចៅហ្វាយខេត្តពោធិសាត់ដំបូងគេ គំរាមដកចៅហ្វាយស្រុក មេឃុំ មេភូមិ បើមិនចាត់ការរឿងសំរាម

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែមករា ឆ្នាំ2025 ម៉ោង 8:15 នាទី ល្ងាច

 

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានប្រើធម៌ក្តៅ ដោយបានដាក់ចេញនូវបទបញ្ជា ទៅលើចៅហ្វាយស្រុក មេឃុំ មេភូមិណា ដែលមិនចាត់ការរឿងសំរាមក្នុងមូលដ្ឋាន ដោយលោកមានប្រសាសន៍ថា «មានសំរាម អត់អភិបាលស្រុក មានអភិបាលស្រុក អត់សំរាម, មានសំរាម អត់មេឃុំ មានមេឃុំ អត់សំរាម» ។

នេះជាបទបញ្ជាក្តៅមុនដំបូងគេរបស់ចៅហ្វាយខេត្តពោធិសាត់ ក្នុងគោលបំណងឲ្យខេត្តពោធិសាត់មានសម្រស់ស្រស់ស្អាត គ្មានសំរាម ហើយក៏ជាការបង្ហាញពីឆន្ទៈប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់បរិស្ថានស្អាត តាមរយៈធ្វើអនាម័យ និងភាពស្រស់ស្អាតលើទឹកដីខេត្តពោធិ៍សាត់ ។ នេះជាបទបញ្ជាចាក់ដោតរបស់លោក ខូយ រីដា ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើ​ក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ។

ប្រសាសន៍របស់លោកអភិបាលខេត្ត មិនមែនជាការធ្វើយកមុខមាត់សម្រាប់តែខេត្តពោធិសាត់ទេ តែសំខាន់គឺសុខភាពរបស់ប្រជាពលរដ្ឋជាចម្បងផង លើកកម្ពស់​សោភណភាពរបស់ខេត្តផង និងចង់ឲ្យមនុស្សមានផ្នត់គំនិតស្អាត ចេះ ស្រឡាញ់បរិស្ថាន ក្នុងការរស់នៅតទៅអនាគត ។

«ខ្ញុំបានរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីរៀបចំបរិស្ថានឱ្យមានសណ្តាប់ធ្នាប់​ល្អ ទោះយុទ្ធនាការមិនទាន់បាន​លទ្ធ​ផលល្អ១០០%ក៏ដោយ ប៉ុន្តែបានធ្វើឱ្យប្រជាពលរដ្ឋមានទម្លាប់លើការទុកដាក់សំរាម ។ យើងបង្កើតទ្រឹស្តីនេះ ដើម្បីឱ្យអាជ្ញាធរយកចិត្តទុកដាក់ជំរុញផ្សព្វផ្សាយ និងមានទំនួលខុសត្រូវនៅតាមដែនដីភូមិ ឃុំ និងស្រុក, មិនមែនឲ្យស្អាតតែខេត្តពោធិសាត់មួយប៉ុណ្ណោះទេ គឺដើម្បីឲ្យប្រទេសរបស់យើង មានអនាម័យ មានបរិស្ថានល្អ ដោយទៅរស់នៅកន្លែងណា ស្អាតកន្លែងនោះ! »។

លោក ខូយ រីដា បានចាត់ទុកការគ្មានសំរាមនៅតាមផ្ទះ និងតាមភូមិឋាន មិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតនោះទេ តែក៏ជាការនាំមកនូវសិរីសួស្តី​សម្រាប់គ្រួសារ សម្រាប់សង្គម និងសម្រាប់ប្រទេសជាតិ។

ក្រោយឃើញការប្រកាសរបស់អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង ចំពោះការប្តេជ្ញា​ចិត្ត​របស់​លោកអភិបាលខេត្តពោធិ៍សាត់ ក្នុងការយកចិត្តទុកដាក់ទៅលើបរិស្ថានក្នុងខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកបទបញ្ជារបស់លោកអភិបាល​ខេត្ត​ពោធិ៍សាត់ គឺជាការប្តេជ្ញាចិត្តខ្ពស់ជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងបរិស្ថាន ក្នុងការលើកកម្ពស់សោភណភាព និងអនាម័យ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្ឃឹមថា អាជ្ញាធរនៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងប្រទេស នឹងធ្វើយុទ្ធនាការព្រមៗគ្នា ជាមួយនឹងឆន្ទៈចង់ឲ្យកម្ពុជាស្អាត ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម