Bong SoRith
នៅឆ្នាំនេះ ប្រទេសចិននឹងមានអ្នកដឹកនាំជាន់ខ្ពស់ ១នាក់ក្នុងចំណោម ៥នាក់ដែលចូលនិវត្តន៍។ លោក ហ្ស៊ី ជិនពីង ទើបតែងតាំងអភិបាលខេត្តជំនាន់ថ្មី ក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា «រដ្ឋាភិបាលចិន» ក្រោមការដឹកនាំរបស់ប្រធានាធិបតី ហ្ស៊ី ជិនពីង កំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរធំៗនៅកម្រិតថ្នាក់ដឹកនាំ អាចប្រហែល 20% នៃមេដឹកនាំក្នុងស្រុកជិតចូលនិវត្តន៍នៅឆ្នាំ 2025 នេះ ដែលអាចត្រួសត្រាយផ្លូវសម្រាប់អ្នកដឹកនាំជំនាន់ថ្មីក្នុងវ័យ 50 ឆ្នាំរបស់ពួកគេមកធ្វើការ។
លោក ហ្ស៊ី ជីនពីង បច្ចុប្បន្នអាយុ 71 ឆ្នាំ គឺជាអាយុដែលគាត់អាចពិចារណាផ្តល់អំណាចដល់អ្នកតំណាង ឬអាចសម្រេចចិត្តចុះចេញពីតំណែង ។ របាយការណ៍របស់សមាគមអាស៊ីបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងបើកឱកាសដល់មន្ត្រី ឬអ្នកដឹកនាំជំនាន់ថ្មីដែលកើតក្នុងទសវត្សរ៍ទី 70 ឡើងកាន់តំណែងកម្រិតខ្ពស់ក្នុងរដ្ឋាភិបាល ។
មនុស្សដែលកើតក្នុងទសវត្សរ៍ទី 70 ឬអ្នកដែលមានអាយុ«ត្រាទុក 5» ដំបូងរបស់ពួកគេ ឥឡូវនេះត្រូវបានគេចាត់ទុកថាជា «អ្នកដឹកនាំជំនាន់ថ្មី» របស់ប្រទេសចិន ពីព្រោះការក្លាយជាមន្ត្រីជាន់ខ្ពស់ត្រូវការពេលវេលាយូរ។
មេដឹកនាំវ័យក្មេងបំផុតនៅក្នុងប្រទេសចិន
លោក លីវ ជា គឺជាឧទាហរណ៍នៃអ្នកដឹកនាំជំនាន់ថ្មី ដែលមានអាយុ 55 ឆ្នាំ ទើបត្រូវបានតែងតាំងក្នុងខែនេះ ជាមេដឹកនាំក្មេងជាងគេក្នុងប្រវត្តិសាស្ត្រចិន ។ គាត់បានទទួលតំណែងជាអភិបាលខេត្តជើជៀង ដែលជាមជ្ឈមណ្ឌលបច្ចេកវិជ្ជាដ៏សម្បូរបែប ហើយមានអភិបាលក្រុងពីរនាក់ផ្សេងទៀតក្នុងវ័យ 50 ឆ្នាំដែលមានកម្រិតថ្នាក់ដឹកនាំដូចគ្នា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទៅកាន់អ្នកដឹកនាំជំនាន់ថ្មីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន។
លោក លីវ បានចាប់ផ្តើមអាជីពរបស់គាត់នៅក្រុមហ៊ុនដែកថែបរបស់រដ្ឋក្នុងខេត្តហ៊ូណាន ដែលមានទីតាំងនៅកណ្តាលប្រទេសចិន។ ចំណុចរបត់ដ៏សំខាន់នៅក្នុងជីវិតអាជីពរបស់គាត់បានកើតឡើងនាឆ្នាំ 2021 នៅពេលដែលគាត់ត្រូវបានតែងតាំងជាប្រធានបក្សកុម្មុយនិស្តហាងចូវ ជំនួសលោកចូវ ជៀងយុង ដែលត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយចំនួន 25 លានដុល្លារ ក្នុងអំឡុងពេលលោក ហ្ស៊ី ជិនពីង កំពុង «វាយខ្លា ទះរុយ» ជាមួយនឹងគោលនយោបាយបង្ក្រាបអំពើពុករលួយ។
ការដែលលោក លីវ ទទួលបានការបោះឆ្នោតជាអភិបាលខេត្តជើជៀង ដែលជាធម្មតាត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្តើមសម្រាប់ការឡើងកាន់តំណែងជាន់ខ្ពស់ ធ្វើឲ្យលោក លីវ ក្នុងចំណោមមនុស្សជំនាន់ក្រោយទសវត្សរ៍ឆ្នាំ 1970 ដែលបច្ចុប្បន្នមានមន្ត្រីជាន់ខ្ពស់ចំនួន 12 នាក់ដែលកើតក្រោយឆ្នាំ 1970 កាន់តំណែងជាន់ខ្ពស់នៅក្នុងខេត្តនីមួយៗ ទោះបីមិនទាន់ដល់ថ្នាក់រដ្ឋមន្ត្រីក៏ដោយ។
ភាពមិនច្បាស់លាស់នៃអនាគតមេដឹកនាំចិន
ទោះបីជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់លោក ហ្ស៊ី ជិនពីង វាកាន់តែពិបាកទស្សន៍ទាយអំពីអនាគតរបស់មេដឹកនាំដែលមានឱកាសបានឡើង ដោយសារភាពមិនច្បាស់លាស់ខាងនយោបាយ ពីករណី«ហ៊ូ ជុនហួ» ដែលធ្លាប់ត្រូវបានគេមើលឃើញថាជាបេក្ខភាពស្នងតំណែងសំខាន់ ក៏បានបាត់ស្រមោលពីនយោបាយ ជាមួយនឹងមនុស្សសំខាន់ជាច្រើនទៀត។
លោក នែល ថូម៉ាស (Neil Thomas) អ្នកស្រាវជ្រាវនយោបាយចិននៅមជ្ឈមណ្ឌលវិភាគចិន វិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានអត្ថាធិប្បាយថា ប្រធានាធិបតី ហ្ស៊ី ជិនពីង កាន់តំណែងយូរជាងនេះ ទំនងជាអ្នកស្នងតំណែងរបស់គាត់ ជាអ្នកដែលកើតក្រោយទសវត្សរ៍ឆ្នាំ 1970 ។
ប៉ុន្តែមកដល់ចំណុចនោះ លោក ហ្ស៊ី អាចនឹងបំបែកបទដ្ឋានដោយរក្សាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោកឲ្យកាន់អំណាចលើសពីអាយុចូលនិវត្តន៍តាមប្រពៃណីរបស់ពួកគេ ដែលនឹងឈានដល់យុគសម័យនយោបាយថ្មីមួយដែលមនុស្សចាស់គ្រប់គ្រងក្នុងទីក្រុងប៉េកាំង។
កន្លងមក លោក ហ្ស៊ី ជីនពីង បានបំពានលើបទដ្ឋាន នៃបក្សកុម្មុយនិស្តចិនដែលកាន់អំណាចជាង 25 ឆ្នាំ ចាប់តាំងពីសម័យ «ម៉ៅ សេទុង» ដោយមិនជ្រើសរើសអ្នកស្នង ផ្តល់ឱកាសឱ្យគាត់បន្តកាន់អំណាចពេញមួយជីវិត និងមិនបញ្ជូនសញ្ញាអ្វីថាគាត់នឹងចុះចេញពីតំណែងបន្ទាប់ពីអាណត្តិរបស់គាត់ផុតកំណត់នៅឆ្នាំ 2027 បន្ទាប់ពីផ្ដួលរំលំគូប្រជែងទាំងអស់។ នេះបានបង្កើតភាពមិនច្បាស់លាស់អំពីអនាគតនៃប្រព័ន្ធនយោបាយចិន។
លទ្ធភាពមួយទៀតគឺ ប្រធានាធិបតី ហ្ស៊ី ប្រហែលជាចង់លុបចោលការរឹតបន្តឹងអាយុទាំងអស់ ដើម្បីឲ្យអ្នកដែលត្រូវបានតែងតាំងដោយលោក ហ្ស៊ី អាចបន្តកាន់អំណាចបាន ។ លោក អាល់ហ្វ្រេដ វូ (Alfred Wu) អ្នកសិក្សានៅសកលវិទ្យាល័យជាតិសិង្ហបុរីគិតថា វិធីនេះនឹងលុបបំបាត់តារានយោបាយដែលអាចនឹងប្រជែងអំណាចរបស់គាត់ផងដែរ ។
«បន្ទាប់ពី ហ្ស៊ី បានលុបចោលការកំណត់អាណត្តិរួចហើយ ទំនងជាគាត់មិនចង់និយាយអំពីអ្នកស្នងតំណែងរបស់គាត់ទេ» លោក វូ និយាយ ៕