សម្តេចធិបតីនាយករដ្ឋមន្ត្រី ឆ្មក់ចុះពិនិត្យការសង្គ្រោះស្រូវរបស់ប្រជាកសិករនៅខេត្តកណ្តាល និងតាកែវ

ព័ត៌មានសង្គមថ្ងៃពុធ ទី29 ខែមករា ឆ្នាំ2025 ម៉ោង 8:11 នាទី ល្ងាច

 

Bong SoRith

 

នៅថ្ងៃនេះ (២៩ មករា) សម្តេចធិបតីនាយករដ្ឋមន្ត្រី ឆ្លៀតចុះទៅពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក​ ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល​ ស្រុកស្អាង​ ខេត្តកណ្តាល​ និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត​ ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន​ ឃុំពត់ស​រ​ ស្រុកបាទី​ ខេត្តតាកែវ​ ចំនួនជិត​ ៤ពាន់ហិកតា ។  ការអន្តរាគមន៍​ដែលឈរលើមានប្រភពទឹកគ្រប់គ្រាន់​ រាជរដ្ឋាភិបាល​ បានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង​ ហើយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល​ មកបំពេញបន្ថែមក្នុងទន្លេបាទី​ ដើម្បីអាចនឹងធានាដល់ការប្រើប្រាស់នារដូវប្រាំងខាងមុខផងដែរ។

ព្រមជាមួយនេះ​ ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ​ ធានាការស្រោចស្រពពេញមួយឆ្នាំ​ ដែលមានការចងក្រងជាសហគមន៍​ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម។ ជាលទ្ធផល​ ពួកគាត់អាចបង្កបង្កើនផលបីដងក្នុងមួយឆ្នាំ​ ដោយមិនមានការខ្វះខាតទឹក​ ទូទាំង​ ២,៥០០ហិកតា ហើយបាននឹងពង្រីកបន្ថែមចំនួន​ជាង​ ៥០០ហិកតា ទៀត​ ជាពិសេសក៏នៅមាន សល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត​ ១ពាន់ហិកតា បន្ថែមផងដែរ។

ព្រមជាមួយគ្នានេះ​ សម្តេចធិបតី ក៏បានឈាងចូលពិនិត្យផងដែរ​ នៅការដ្ឋានកសាង​ និងស្តារប្រឡាយលេខ​ ៧៦​ ដែលជាប្រឡាយដ៏ធំមួយក្នុងចំណោមប្រឡាយជាច្រើន​ ក្នុងគម្រោងនៃការពង្វាងទឹកជំនន់ពីរាជធានីភ្នំពេញ​ និងពហុបំណងនៃការស្តុកទឹកសម្រាប់បម្រើដល់ការស្រោចស្រពផង​ និងផ្លូវទឹកផងដែរ ។

ប្រជាកសិករ ឃើញនាយករដ្ឋមន្ត្រីចុះទៅផ្ទាល់បែបនេះ ញញឹមបិទមាត់មិនជិត ម្នាក់ៗរត់មកស្វាគមន៍ មានទាំងបីកូន ជាមួយនឹងបេះដូងកក់ក្តៅ ដែលមានប្រមុខដឹកនាំប្រទេសយកចិត្តទុកដាក់ដោះស្រាយបញ្ហា តាំងពីរឿងតូច រឿងធំ ធ្វើម៉េចឲ្យតែពលរដ្ឋបានសុខកាយ សប្បាយចិត្ត ទោះជិតទោះឆ្ងាយ មិននឿយណាយ គឺនៅស្និទ្ធជាមួយបងប្អូនជាប់ជានិច្ច ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម